2023-12-18 10:38
390

ភ្នំពេញ៖ ករណីអំពើហិង្សា និងធ្វើទារុណកម្មចងដៃ ចងជើងក្មេងស្រី អាយុ ០៦ឆ្នាំ ពីសំណាក់អ៊ុំស្រី និងជីដូន ព្រោះខឹងនឹងក្មេងរពឹសនិយាយមិនស្តាប់រៀនសូត្រមិនចេះចាំនាំតែបញ្ហាចូលផ្ទះដែលកំពុងផ្ទុះការរិះគន់កក្រើកលើបណ្តាញសង្គមនោះ ពេលនេះឪពុកម្តាយកុមារីរងគ្រោះបានមកមើលកូនមិនបានប្តឹងផ្តល់អ្វីឡើយ ព្រោះពួកគាត់បានលែងលះគ្នាជាយូហើយ និងបានទុកកូនរបស់ពួកគេរស់នៅជាមួយអ៊ុំស្រី ព្រមទាំងជីដូនជារ៉ាប់រងចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចៗរហូតដល់ ០៤នាក់ឯណោះ។

 ជុំវិញករណីខាងលើនេះ ក្រោយពីទទួលបានព័ត៌មាន តាមបណ្តាញសង្គមឪពុក និងម្តាយក្មេងស្រីរងគ្រោះបានមកជូន និងបានលិខិតផ្តិតមេដៃមិនប្តឹងផ្តល់ទេ ព្រោះតែយល់ឃើញថា «បងស្រី និងម្តាយបានចិញ្ចឹមបីបាច់មើលថែកូនស្រីខ្លួនអស់រយៈពេល ០៤ឆ្នាំកន្លងមកហើយ ព្រោះក្មេងនេះមានចរឹករឹងរូសណាស់។ ម្យ៉ាងទៀតពួកគាត់ចង់ឲ្យរៀនសូត្រ និងញ៉ាំអាហារបានច្រើន ដើម្បីមានសុខភាពល្អ»

 រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋ ក្រុមទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងប្រើប្រាស់បណ្តាញសង្គមនានា ដែលបានផ្តល់ព័ត៌មានអំពីការប្រើអំពើហឹង្សាលើក្មេងស្រីអាយុ ០៦ឆ្នាំ ដោយចងដៃ ប្រព្រឹត្តដោយជីដូន និងអ៊ំស្រីរបស់ក្មេងស្រីនោះ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។ 

 ក្រោយទទួលបានព័ត៌មានភ្លាមៗ អាជ្ញាធរខណ្ឌ និងកម្លាំងនគរបាលសង្កាត់ និងខណ្ឌ ទួលសង្កែបានចុះស្រាវជ្រាវជាបន្ទាន់ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ជាធរមាន និងបាននាំក្មេងស្រីជាជនរងគ្រោះប្រគល់ជូនឪពុកម្តាយវិញ។

 ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ និងម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា «ជាទម្លាប់អប់រំញឹកញាប់ក្មួយ និងចៅឲ្យរៀនសូត្រ ញ៉ាំអាហារឲ្យបានច្រើន កុំលេងច្រើន ប៉ុន្តែក្មេងស្រីស្តាប់ទេ វក់លេងទូរសព្ទ រពឹស លួងលោមមិនស្តាប់ ទើបឈានដល់ការប្រើហិង្សាចងដៃគំរាមឲ្យខ្លាច»។ 

 តាមការបញ្ជាក់បានឲ្យដឹងថា «ជនសង្ស័យទាំង ០២នាក់ ត្រូវជាអ៊ុំស្រី និងជីដូនបង្កើតបានចិញ្ចឹមក្មេងស្រីម្នាក់នេះតាំងពីតូចម្លេះ និងបងៗ ០៣នាក់ទៀត ដោយសារឪពុក និងម្តាយរបស់ពួកគេលែងលះគ្នាចែកផ្លូវដើររៀងៗខ្លួន ទុកក្មេងៗទាំងអស់នេះ ឲ្យជីដូន និងម្តាយធំជាអ្នកមើលថែទាំងអស់»

 នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឪពុក ម្ដាយក្មេងស្រី បានមកធ្វើបែបបទមិនខឹងមិនប្ដឹងជនសង្ស័យទាំងពីរទេដោយសារពួកគាត់បានផ្ញើកូនរបស់គាត់ឲ្យអ្នកទាំងពីរនេះចិញ្ចឹមមើលថែតាំងតែពីតូចមក តែដោយហេតុថា កូនស្រីរបស់គាត់រពឹសរឹងរូសមិនស្ដាប់បង្គាប់ជីដូន និងអ៊ំស្រី ទើបធ្វើឲ្យមានកំហឹងមួយពេលមិនបានគិត។

 សូមជម្រាបថា ឃ្លីបវីដេអូអំពីករណីធ្វើទារុណកម្មលើកុមារយ៉ាងឃោរឃៅមួយ បាន​កើត​ឡើង​នៅវេលាម៉ោង​ ០៩និង៣០នាទី​យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ត្រង់ចំណុចផ្ទះលេខ ៣០៩​K ផ្លូវ​បេតុង​ ក្រុម​៥​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ដែលជនបង្កជាអ៊ុំស្រី និងជីដូន។

 ចំពោះមូលហេតុនៃអំពើហិង្សាតាមស្ត្រី​បង្កហិង្សាលើក្មេងស្រី បាន​ប្រាប់​ប៉ូលិសឱ្យ​ដឹង​ថា «សកម្មភាព​គាត់​ធ្វើ​នោះ គឺជា​ការ​អប់រំ​ក្មួយ និង​ចៅ​គាត់​តែ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​ប្រើ​ហិ​ង្សា ឬ​ធ្វើ​ទា​រុ​ណ​ក​ម្ម​ទៅ​លើ​ក្មួយ និង​ចៅ​គាត់​នោះ​ទេ​។ ដោយសារ​តែ​កុមារី​រង​គ្រោះ​ មាន​អាយុ​ត្រឹមតែ​ ០៦​ឆ្នាំ​ ជា​ក្មេងរ​ពិស​ខ្លាំង និង​រៀន​ខ្សោយ​ និងតែងតែ​បង្ករឿងនៅសាលា រហូត​អ្នកគ្រូ​ស្តីបន្ទោស​ឲ្យពួក​គាត់​ជា​អាណាព្យាបាល​ទៀត​ផង​»​។ 

 បច្ចុប្បន្ន ករណីនេះ ត្រូវបានសម្របសម្រួលគ្នាដោយគ្មានការប្តឹងផ្តល់ ហើយក្មេងស្រីរងគ្រោះមិនមានស្លាកស្នាមអ្វីធ្ងន់ធ្ងរឡើយ៕a