2024-02-04 03:02
219

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃទីអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?»។

ក្នុងសំណេររបស់សម្តេចតេជោ បានបញ្ជាក់ថា «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា សម្តេចបានឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់»។ យើងសូមបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយ ប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ»។  សម្តេចេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ»។

យោងតាមសេចក្ដីថ្លែងការណ៍ របស់មេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈនេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បុគ្គលឈ្មោះ សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើ គណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តមកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច» ។

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា៖ ការផ្តល់បទសម្ភាសន៍របស់លោក សុន ន័យ ខាងលើ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណី។

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា៖ «ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡីករណ៍ ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន»។

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តី សម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា៖ «នៅពេលដែលសេចក្តីសម្រេចរបស់តុលាការ បានចូលជាស្ថាពរ ហើយទណ្ឌិតនៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូន គណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណ៏មានសិទ្ធិទាមទារសំណងតាមរយៈវិធានការ អនុវត្តដោយបង្ខំ ដោយរឹបអូស និងលក់ឡៃឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពារ រួចហើយ។ ក្នុងករណីនៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណី គ្រប់ចំនួនតាមសេចក្តីសម្រេច របស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេជោមានសិទ្ធិស្នើសុំតុលាការចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់ ៕