2024-02-29 06:02
101

រដ្ឋធានីមូស្គូ៖ ស្របពេលប្រធានាធិបតិបារាំង បានប្រាប់ដល់មេដឹកនាំអឺរ៉ុប អំពីរុស្ស៊ី អាចនឹងវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ និង លទ្ធភាពមិនអាចបដិសេធ ចំពោះការបញ្ជូនកងទ័ព ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីរក្សាសន្ដិសុខរួមរបស់អឺរ៉ុបនោះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន ក៏បានព្រមានដល់លោក ម៉ាក្រុង អំពីការលើកទ័ព ចូលទៅកាន់ទឹកដីអ៊ុយក្រែន ។ 
   បើតាមសារព័ត៌មានល្បីៗរបស់ពិភពលោក បានផ្សាយ ថា មន្រ្ដីរុស្ស៊ី និង សម្ពន្ធមិត្ត បានព្រមានដល់ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ជុំវិញ គម្រោងបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។ ពួកគេបានចាត់សកម្មភាពបែបនេះ នឹងត្រូវបញ្ចប់ ដូចគ្នានឹង Grande Armee (ហ្ក្រង់ដេ អាមី) របស់ព្រះចៅអធិរាជ Napoleon Bonaparte (ណាប៉ូឡេអុង បូណាប៉ាតេ) នៅអំឡុងពេលទ្រង់បានចូលលុកលុយ នៅក្នុងប្រទេសរុស្ស៊ី នាក្នុងអំឡុងឆ្នាំ១៨១២។
   បើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានដកស្រង់សម្តីរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាង កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈកន្លងទៅនេះ អំពីលទ្ធភាពរបស់បណ្ដាប្រទេសអឺរ៉ុប អាចនឹងបញ្ជូនកងទ័ពទៅជួយដល់អ៊ុយក្រែន នឹងមិនអាចបដិសេធនោះឡើយ។ 
   ការលើកឡើងរបស់លោកប្រធានាធិបតី ម៉ាក្រុង បានបង្កឱ្យមានការច្របូកច្របល់យ៉ាងខ្លាំង នៅក្នុងចំណោមបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់លោកខាងលិច រួមទាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង ចក្រអង់គ្លេស ផងដែរ។ ប៉ុន្ដែប្រទេសមហាអំណាចទាំងសេដ្ឋកិច្ច និង យោធាទាំង៣នេះ ក៏បានចេញមុខប្រកាសភ្លាម ថា ពួកគេមិនមានផែនការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ។

   ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានព្រមាន ថា វត្តមានរបស់កងទ័ពលោកខាងលិច នៅក្នុងប្រទេសអ៊ុយក្រែន នឹងបង្កកើតជាសង្រ្គាមដោយផ្ទាល់ រវាងរុស្ស៉ី និង  អង្គការណាតូ (NATO)។
   ស្របគ្នានេះដែរ លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ជាប្រធានសភាឌូម៉ា ដែលជាសភាជាន់ទាបរបស់រុស្ស៉ី ហើយជាមនុស្សដ៏ជិតស្និទ្ធបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអះអាង ថា លោកប្រធានាធិបតី ម៉ាក្រុង ហាក់ដូចជាកំពុងតែតាំងខ្លួនឯង ជាស្ដេចបារាំង ណាប៉ូឡេអុង។ បន្ថែមពីលើនេះ គាត់បានព្រមានដល់លោកប្រធានាធិបតី ម៉ាក្រុង កុំដើរតាមជំហានរបស់អតីតអធិរាជបារាំងអង្គនេះ។ 
   លោកប្រធានសភាឌូម៉ា រូបនេះ បានសង្កត់ធ្ងន់ ថា «ដើម្បីរក្សាអំណាចផ្ទាល់ខ្លួន លោកប្រធានាធិបតី ម៉ាក្រុង មិនបានគិតអ្វីដែលល្អប្រសើរនោះទេ ក្រៅតែពីពន្យុះឱ្យមានសង្រ្គាមលោកលើកទី៣។ នេះ ជាគ្រោះថ្នាក់មួយសម្រាប់ប្រជាជនបារាំង។ ដូច្នេះនៅមុនធ្វើការអត្ថាធិប្បាយរបៀបនេះ លោក ម៉ាក្រុង ត្រូវចងចាំអំពីអ្វីដែលបានកើតឡើង មកលើស្ដេចណាប៉ូឡេអុង និងកងទ័ពរបស់ត្រង់ ជាង ៦០០ ០០០នាក់ បានស្លាប់នៅក្នុងសង្គ្រាម នៅលើទឹកដីរុស្ស៊ី»។
   អតីតអធិរាជបារាំង ណាប៉ូឡេអុង បានលុកលុយទៅលើប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ១៨១២  ដោយបានដណ្ដើមគ្រប់គ្រងទីក្រុងមូស្គូ។ ប៉ុន្ដែក្រោយមក កងទ័ពរុស្ស៉ី បានវាយបណ្ដេញឱ្យកងទ័ពរបស់អធិរាជបារាំងអង្គនេះឲ្យដកថយ ហើយចុងក្រោយ កងទ័ពបារាំង រាប់សែននាក់ បានស្លាប់ ដោយសារជំងឺឆ្លង ការអត់ឃ្លាន និងអាកាសធាតុត្រជាក់៕