2024-05-25 10:35
358

សៀមរាប៖ គម្រោងប្រព័ន្ធចម្រោះទឹកស្អាត នៅប្រាសាទបន្ទាយស្រី ត្រូវបានសម្ពោធ និងប្រគល់ដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយ កាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ។ 

 គម្រោងចម្រោះទឹកស្អាតនេះ ទទួលបានពីអង្គការ GIZ  ដែលបានបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន២ទីតាំង នៅប្រាសាទបន្ទាយស្រី គឺទី១នៅក្នុងទីលានបដិសណ្ឋារកិច្ច និងទី២ នៅសាលបកស្រាយព័ត៌មានប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិក និងការបំពុលដោយកាកសំណល់ប្លាស្ទិក​នៅក្នុងបរិវេណប្រាសាទ។ 

 មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា បុគ្គលិកគ្រឹះស្ថានអង្គរ សមត្ថកិច្ចពាក់ព័ន្ធ អ្នកលក់ដូរ និងភ្ញៀវទេសចរ អាចប្រើប្រាស់ទឹកស្អាតទាំងនោះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែយក​ដប​ទឹកច្រកនៅតាមធុងចម្រោះខាងលើ។ 

 លោក Frank Jattke ប្រធានក្រុមកាងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) លើកឡើងថា៖ «នេះជាគម្រោងសាកល្បងដែល GIZ សហការជាមួយអាជ្ញាធរជាតិអប្សរា បំពាក់ឧបករណ៍ចម្រោះទឹកស្អាតប្រើប្រាស់នៅប្រាសាទបន្ទាយស្រីនេះ»។ លោកបន្តថា៖ «ឧបករណ៍នេះ​មានសារសំខាន់ណាស់ ក្នុងការរួមចំណែកការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដែលកំពុងបង្ក​គ្រោះថ្នាក់​ដល់ភពផែនដី ព្រោះវាមិនងាយរលាយឡើយ» ។ 

 លោក Frank បន្ថែមថា ក្នុងរាល់មួយវិនាទី មានប្លាស្ទិកមួយលានដបដែលបានចរាចរលក់ និងកែច្នៃឡើងវិញ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាជំហានទី១ ដោយជំនួសដបទឹក ឬសម្ភារណាដែលប្រើប្រាស់​បានយូរ និងងាយរលាយ។ 

 មន្រ្តីអង្គការ GIZ លោក Frank រំពឹងថា គម្រោងទឹកស្អាតខាងលើនឹងទទួលបានជោគជ័យ ហើយក្នុងនោះ GIZ មានគម្រោងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ឬរដ្ឋបាលខេត្ត ក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះនៅតាមប្រាសាទ ឬក្នុងទីក្រុង ដើម្បីងាយស្រួល​ដល់ភ្ញៀវទេសចរ ឬអ្នកពាក់ព័ន្ធ ប្រើប្រាស់ដោយឥតគិតថ្លៃ និងកាត់បន្ថយការបំពុលប្លាស្ទិក។ 

 លោក ឡុង កុសល អគ្គនាយករង និងជាតំណាងលក្បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលសហការ​ជាមួយអាជ្ញាធរជាតិអប្សរា ដំឡើងឧបករណ៍ចម្រោះទឹកស្អាតនៅពេលនេះ។ 

 លោករំពឹងថា «គម្រោងនេះនឹងទទួលបានជោគជ័យ និងមានការគាំទ្រពីមន្រ្តី-បុគ្គលិកអាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទបន្ទាយស្រី»។ 

 ជាមួយគ្នានេះ លោក ឡុង កុសល ក៏បានរំឭកដល់ការងាររបស់អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់ប្រាសាទ ដូចជាមានការរៀបចំទុកដាក់ធុងសំរាម មានភ្នាក់ងារសម្អាត និងកែច្នៃសំរាមទាំងនោះឡើងវិញ​ឱ្យអស់លទ្ធភាព​។​ 

 បន្ថែមពីនេះ លោក ឡុង កុសល សំណូមពរឱ្យអ្នកពាក់ព័ន្ធ ពិសេសអ្នកលក់ដូរ សូមចូលរួមសហការ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលឱ្យកាន់តែមានប្រសិទ្ធិភាព។

 ជាមួយគ្នានេះ លោកក៏សង្ឃឹមថា GIZ នឹងបន្តជ្រោមជ្រែងកិច្ចសហការខាងលើនេះ នៅតាមប្រាសាទនានាបន្ថែមទៀត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យតំបន់ប្រាសាទលែងមានការបំពុលដោយ សំរាមប្លាស្ទិក៕