
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំពោះម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យីហោ «ថា ស៊ីនាថ» ដែលរងគ្រោះមានឈ្មោះ សួស សត្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវចោរកាច់ជាច្រើនកាំស្លាប់ក្នុងបន្ទប់ដេកតែម្តង។
តាមសាក្សីជាកម្មករបម្រើការងារក្នុងដេប៉ូលក់គ្រឿងសំណង់ខាងលើ បានបំភ្លឺថា ជារៀងរាល់យប់ខ្លួនបាបស្នាក់នៅក្នុងដេប៉ូជាមួយថៅកែដោយបន្ទប់ផ្សេងគ្នាមានចម្ងាយប្រហែលជាង ៣០ម៉ែត្រពីគ្នាប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោងជាង ៧ព្រឹក មានឡានម៉ូយដឹកខ្សាច់មកដាក់ក្នុងដេប៉ូ ហើយថៅកែចេញមកជួបម្ចាស់ដឹកខ្សាច់រហូត ប៉ុន្តែនៅព្រឹកកើតហេតុអត់ថៅកែចេញមកដូចសព្វដងទើបមានចំងល់ក៏ហៅទូរសព្ទមិនចូលហើយនៅមុខបន្ទប់ថៅកែនៅមានស្បែកជើងគាត់ក៏បានស្រែកហៅពីខាងក្រៅអត់ឆ្លើយតប ទើបសម្រេចចិត្តបើកទ្វារបន្ទប់ស្រាប់តែប្រទះឃើញថៅកែដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ក៏ស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល និងបានទូរសព្ទប្រាប់កូនប្រុសថៅកែឲ្យមកមើលតែម្តង។ កម្មកររូបនោះបានបន្ថែមទៀតថា ក្រោយពេលកូនរបស់ថៅកែមកដល់ចាប់ផ្ងារខ្លួនឡើងទើបដឹងថាត្រូវចោរប្លន់ចាក់សម្លាប់នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមកទេ។
បន្ទាប់មានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចអធិការដ្ឋានក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក ហម ភារម្យ បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយមន្ត្រីជំនាញផ្នែកកោសលវិច្ឆ័យចុះធ្វើការស្រាវជ្រាវជុំវិញកន្លែង បានបញ្ជាក់ថា ករណីនេះអាចកើតមានប្រហែលម៉ោង ៤ទៀបភ្លឺ ដោយក្រុមចោរធ្វើសកម្មភាពគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យចូលតាមបង្អួចទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះរួចក៏ធ្វើការចាក់សម្លាប់ជនរងគ្រោះនឹងកាំបិទ រួចប្រមូលយកទ្រព្យសម្បត្តិ រួមមាន៖ ខ្សែកមាសទម្ងន់ ៥ដំឡឹង ៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់ ១ដំឡឹង ៥ជីមួយវង់, ទូរសព្ទ iphone12 មួយគ្រឿង, ទូរសព្ទអិនចុចពិល ០១គ្រឿង និងលុយក្នុងកាបូបមួយចំនួនទៀត និងបានបើករថយន្តជនរងគ្រោះ ម៉ាក់តូយូតា CROSS ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2C-1112 យកមកផ្លុងចោល នៅចំណុច ម្ដុំហាងសាច់អាំងទឹកកាពិ ក្នុងភូមិឈូក ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរួចរាល់ក៏ប្រគល់សពទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនយកមកទទួលទោសតាមផ្លូវច្បាប់៕