2024-11-03 09:30
48

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី "តួនាទីអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន" ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីមកពីបណ្ដាអង្គភាពសារព័ត៌មាន ពិធីករ ពិធីការិនី និងផលិតករ ជាច្រើនរូបផងដែរ ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ។

នាឱកាសនោះឯកឧត្ដម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាបញ្ជ្រាបការយល់ដឹងអំពីទោសនៃគ្រឿងញៀនទៅកាន់មហាជនឱ្យកាន់់តែទូលំទូលាយ ។ 

ឯកឧត្ដមរដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ជុំវិញនៃការផ្សព្វផ្សាយនេះដែរ អ្នកសារព័ត៌មាន ផលិតករ សិល្បៈករ សិល្បៈការិនី គឺជាតួអង្គដ៏សំខាន់បំផុតក្នុងការបង្កើតជាអត្ថបទ សារអប់រំ ក៏ដូចជាស្នាដៃផ្សេងៗ ដើម្បីបង្កើនការយល់ដឹងដល់មហាជនជាពិសេសយុវជនដែលជាវ័យកំពុងប្រឈមនឹងការក្លាយជាជនរងគ្រោះគ្រឿងញៀន ដោយសារការចង់សាក ចង់ដឹង ។ 

ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ការផ្សព្វផ្សាយពិតជាមានឥទ្ធិពលខ្លាំងបំផុតដែលអាចជួយដល់រាជរដ្ឋាភិបាលសមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់នៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន និងអប់រំណែនាំកាន់តែទូលំទូលាយដល់មហាជនឱ្យយល់កាន់តែច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ៕