ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ២.៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ជូនបងប្អូនកម្មករនិយោជិត ដើម្បីសម្រាលបន្ទុកចំណាយ ក្នុងអំឡុងពេលវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។
ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ សរុបចំនួន ៥១ រូប រួមមាន ភាគីរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត។
តាមលទ្ធផលនៃកិច្ចប្រជុំ បានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ននេះ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស និងរោងចក្រកំពុងអនុវត្តស្រាប់ ហើយនឹងអនុវត្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់ទៅស្ថិរភាពវិញ។
តំណាងកម្មករនិយោជិត បានសម្តែងការដឹងគុណចំពោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករនាំចូល ដើម្បីបន្ថយតម្លៃលក់រាយនៅទីផ្សារ និងសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
លោក ហេង សួរ បានបញ្ជាក់ថា លទ្ធផលនេះ ជាការសហការរួមគ្នារវាងភាគីនិយោជក អ្នកផ្តល់សេវាដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដែលបង្ហាញពីភាពចាស់ទុំនៃយន្តការត្រីភាគី ក្នុងការរក្សាសុខដុមនីយកម្មទំនាក់ទំនងការងារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។
វិធានការនេះ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយសម្ពាធចំណាយប្រចាំថ្ងៃរបស់កម្មករ និងរួមចំណែករក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច ក្នុងអំឡុងពេលមានភាពអស្ថិរភាពថាមពលនៅលើពិភពលោក៕







