កិច្ចប្រជុំនេះ ត្រូវបានអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការជួយសម្រាលការលំបាករបស់កម្មករនិយោជិត ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃធ្វើដំណើរ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមជាបណ្តោះអាសន្ន ចំនួន ២.៥ ដុល្លារអាម៉េរិក ក្នុងមួយខែ ដល់កម្មករនិយោជិត ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ តទៅ។ ប្រាក់បន្ថែមនេះ នឹងត្រូវបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស រោងចក្រ និងក្រុមហ៊ុនកំពុងអនុវត្តស្រាប់ ហើយនឹងបន្តអនុវត្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មកប្រក្រតីវិញ។
ក្នុងកិច្ចប្រជុំដដែល តំណាងភាគីកម្មករនិយោជិត បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់វិធានការជាបន្តបន្ទាប់ ដូចជា ការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការកាត់បន្ថយពន្ធអាករនាំចូល ដើម្បីបន្ថយតម្លៃលក់រាយលើទីផ្សារ។ ទន្ទឹមនឹងនេះ ក៏បានសរសើរភាគីនិយោជក ដែលបានឆ្លើយតបវិជ្ជមាន និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយរបស់កម្មករ នៅក្នុងកាលៈទេសៈលំបាកនេះផងដែរ។
ជាមួយគ្នានេះ តំណាងកម្មករនិយោជិត ក៏បានអំពាវនាវឱ្យកម្មករទាំងអស់ ប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុងសាធារណៈ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខ៕








