2026-03-20 20:29
32

ភ្នំពេញ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅបុរី ពិភពថ្មី ផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ។

ប្រតិបត្តិការនេះ បានអនុវត្តក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ និងសម្របសម្រួលនីតិវិធីច្បាប់ដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លទ្ធផលនៃប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិបង់ក្លាដេស ចំនួន ០៦ នាក់ ម្នាក់ក្នុងនោះគ្មានលិខិតឆ្លងដែន ជាមួយវត្ថុតាង មានកុំព្យូទ័រ All In One ០១ គ្រឿង និងទូរសព្ទដៃ ១៦ គ្រឿង។

ការសន្និដ្ឋានបឋមបង្ហាញថា ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម Facebook Page ឈ្មោះ «BD service« និង «ক্ষুদ্র ঋন প্রকল্প» ដើម្បីផ្សព្វផ្សាយសេវាកម្ចីប្រាក់ក្លែងក្លាយ។ ពួកគេបានបន្លំអត្តសញ្ញាណខ្លួនជា បុគ្គលិកធនាគារពិភពលោក (World Bank) ហើយតម្រូវឱ្យជនរងគ្រោះបង់ប្រាក់សេវារត់ការមុនទទួលសេវាកម្ចី។ គោលដៅចម្បងរបស់ក្រុមនេះ គឺបោកប្រាស់ប្រជាជននៅប្រទេសបង់ក្លាដេស ដោយប្រើទឹកដីកម្ពុជាជាទីតាំងប្រតិបត្តិការ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបានប្រគល់ទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងស្វែងរកមេខ្លោងពាក់ព័ន្ធបន្ថែម។

អាជ្ញាធរបានអំពាវនាវដល់ ម្ចាស់ផ្ទះជួល និងប្រជាពលរដ្ឋទូទាំងរាជធានី ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ ឬសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា។

សូមរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា មុនចប់ខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា «កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងប្រឈមមុខនឹងទោសខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ឡើយ»៕