ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ ឬកម្មវិធី «នគរសង្ក្រាន្ត» នាពេលខាងមុខ នឹងត្រូវប្រារព្ធឡើងដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដើម្បីបង្ហាញពីស្មារតីមិនភ្លេចគុណបំណាច់ និងការលះបង់របស់ពួកគេក្នុងការការពារជាតិ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ស្តីពី «បច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗ» កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
យោងតាមការប្រកាសរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មុនពេលពិធីទទួលទេវតាឆ្នាំថ្មី នឹងមានការរៀបចំកម្មវិធីបង្ហាញ «នគរសង្ក្រាន្ត» ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីសកម្មភាពនានា និងបង្ហាញថា សង្គមខ្មែរ មិនដែលបំភ្លេចពួកគេឡើយ។
ជាមួយគ្នានេះ ស.ស.យ.ក. ក៏បានដាក់ចេញយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ក្នុងគោលបំណងបង្កើតវេទិកាឱ្យសាធារណជន អាចចូលរួមបង្ហាញការគាំទ្រ និងការរំលឹកគុណដល់វីរយុទ្ធជន ដែលបានលះបង់ដើម្បីការពារបូរណភាពទឹកដី។ ថវិកាដែលប្រមូលបានពីសកម្មភាពនេះ នឹងត្រូវយកទៅឧបត្ថម្ភដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ទោះបីប្រទេសកំពុងប្រឈមបញ្ហាតាមព្រំដែនមួយចំនួនជាមួយប្រទេសថៃ ក៏ដោយ ការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅតាមរាជធានី-ខេត្ត នឹងនៅតែបន្ត ដោយមិនអនុញ្ញាតឱ្យបញ្ហាទាំងនេះ បង្កការរាំងស្ទះដល់សកម្មភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌ឡើយ។
សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយការទូត និងគោរពច្បាប់អន្តរជាតិ ខណៈដែលជីវភាពប្រជាពលរដ្ឋ និងសកម្មភាពជាតិ ត្រូវបន្តទៅមុខជានិច្ច។
គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ កម្មវិធី «នគរសង្ក្រាន្ត» នឹងផ្តោតលើការលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និងសាសនា ដោយមិនមានល្បែងបាញ់ទឹក និងប៉ាតម្សៅដូចឆ្នាំមុនៗឡើយ។ សកម្មភាពនានា នឹងរួមមានល្បែងប្រជាប្រិយ របាំបុរាណ និងពិធីសាសនា ព្រមទាំងការចុះសួរសុខទុក្ខវីរកងកម្លាំង និងប្រជាពលរដ្ឋភៀសសឹកតាមតំបន់ជាយដែន។
ជាមួយនឹងនេះ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងគោរពបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងនានា ដែលបានឯកភាពជាមួយភាគីថៃ ក្រោមគោលការណ៍ច្បាប់អន្តរជាតិ។ កម្ពុជា បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតឡើងដោយការប្រើប្រាស់កម្លាំងឡើយ។
ជាសរុប កម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ មិនត្រឹមជាពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសាមគ្គីភាពជាតិ ការគោរពវប្បធម៌ប្រពៃណី និងការមិនភ្លេចវីរភាពរបស់អ្នកការពារជាតិ និងប្រជាពលរដ្ឋនៅតាមជាយដែនផងដែរ៕



