ភ្នំពេញ៖ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក រ៉េន រតនៈ អ្នកនាំពាក្យ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សាធារណជនកំពុងទទួលយកព័ត៌មាន និងតាមដានសកម្មភាពនៃមន្ត្រីនគរបាលចរាចរណ៍ ប៉ុន្តែមិនត្រូវឱ្យការវិនិច្ឆ័យផ្ទុយពីសច្ចធម៌ដែលកំពុងកើតឡើងនោះទេ។
លោក រ៉េន រតនៈ បានលើកឡើងថា សម័យសាច់ស្អុយស៊ីកាំបិតកោ តើមន្រ្តីនគរបាលចរាចរណ៍រូបណាទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងដែលសារធារណជនកំពុងឈួលច្រមុះតាមដានស្អិតយ៉ាងដូច្នេះនោះ?
អ្នកនាំពាក្យរូបនេះ ទទួលស្គាល់ថា ទោះក្នុងហេតុផលណា ក៏ដោយ សាធារណជន នៅតែសម្លឹងផ្ដោតលើស្រមោលខ្មៅជាជាងរូបកាយមន្រ្តីផ្លុំកញ្ចែបោយដៃក្រោមកំដៅថ្ងៃ។
ប៉ុន្តែយើងក៏មិនគួរបណ្ដោយឱ្យការវិនិច្ឆ័យ ដើរផ្ទុយពីសច្ចធម៌ដែលកំពុងកើតឡើងពេកនោះដែរ។
និយាយបែបម្យ៉ាងទៀត បើយើងអាចរិះគន់ និងហ៊ានបង្ហាញអារម្មណ៍ខឹងស្អប់លើមន្ត្រីគ្មានសីលធម៌ ឬមិនអនុវត្តច្បាប់បានត្រឹមត្រូវ យើងក៏គួរតែហ៊ានទទួលយកការពិត ដោយផ្អែកលើការពិចារណារវាងហេតុ និងផលផងដែរ។
ក្នុងនាមមន្ត្រីមួយរូបធ្វើការក្បែរថ្នាក់ដឹកនាំកំពុងឈរក្នុងអំណាចសម្រេចចំពោះលទ្ធផលនៃការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីក្រោមឱវាទដែលនៅទីនេះ លោក រ៉េន រតនៈ ហ៊ាននិយាយពីមន្ត្រីនគរបាលចរាចរណ៍ ដោយអះអាងថា «សច្ចធម៌ជាគូនឹងយុត្តិធម៌ ហើយអំពើទុច្ចរិតក៏ជាគូនឹងទណ្ឌកម្ម»។
សេចក្ដីថ្លែងនេះបង្ហាញពីការទាមទារឲ្យមានភាពត្រឹមត្រូវ និងការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីធានាសន្តិសុខ និងការគោរពច្បាប់ក្នុងសង្គម៕



