
រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន បាននឹងកំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងខ្លាំង ហើយបានសម្លាប់ និងធ្វើឲ្យមនុស្សរងរបួសក្នុងមួយថ្ងៃៗយ៉ាងតិច ១ពាន់នាក់ ព្រមទាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ពិភពលោក ជាពិសេសប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្ដែឥឡូវ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានអះអាងអំពីគាត់កំពុងតែខិតខំប្រឹងប្រែង ដើម្បីបញ្ចប់នូវជម្លោះនេះ។
ទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ថា បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ថា រដ្ឋាភិបាលក្រុងមូស្គូកំពុងតែខិតខំប្រឹងប្រែងបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី ពូទីន បានបន្ថែមថា រុស្ស៊ីអាចនឹងប្រើប្រាស់មីស៊ីលអន្ដរទ្វីបបាល្លីស្ទិកចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង ដែលគេស្គាល់ឈ្មោះ Oreshnik (អូរ៉ែស្និក) ជាថ្មី។
បើទោះជាយ៉ាងណាក៏ដោយរុស្ស៊ី នឹងមិនទាន់វាយប្រហារដោយមីស៊ីលប្រភេទនេះ នៅក្នុងពេលឆាប់ៗនេះឡើយ។
ប៉ុន្ដែយើងមិនទាន់រាប់បញ្ចូល អំពីលទ្ធភាពប្រើប្រាស់មីស៊ីល ទាំងនៅថ្ងៃនេះ និងថ្ងៃស្អែកនោះទេប្រសិនបើមិនមានការចាំបាច់។
មួយវិញទៀត បើមានករណីចាំបាច់ រុស្ស៊ីអាចប្រើប្រាស់អាវុធចម្ងាយមធ្យមដ៏មានឥទ្ធិពលជាងនេះបន្ថែមទៀត។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន បានបង្កើនការហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំង ប្រឆាំងនឹងប្រទេសរុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កម្លាំងទាហានរបស់គាត់ឲ្យបើកទ្វារព្រំដែន ចូលលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។
ជម្លោះនេះ បានបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ចេញសេចក្ដីរាយការណ៍របស់ខ្លួនថា ចាប់តាំងពីការផ្ទុះសង្គ្រាមដំបូង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រុស្ស៊ីបានបាត់បង់កម្លាំងទាហាននៅលើសមរភូមិចំនួន ៧៨០ ៨៦០នាក់ ដោយរាប់បញ្ចូលទាំងការខូចខាតចំនួន ១៥៤០នាក់ កាលពី ២៤ម៉ោងមុនផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះគ្រាន់តែជាការអះអាងពីភាគីអ៊ុយក្រែនតែប៉ុណ្ណោះ ហើយក៏មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ។
រីឯភាគីរុស្ស៊ីវិញ ក៏មិនបានរាយការណ៍ អំពីចំនួនកម្លាំងទាហានរបស់ខ្លួនរងគ្រោះថ្នាក់នោះឡើយ ព្រោះតែមានហេតុផលក្រោមច្បាប់សន្ដិសុខជាតិ៕
