2025-01-15 23:57
147

ភ្នំពេញ​​​​​​៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសន្លាយការប្រយុទ្ធគា្នគ្មានស្រាកស្រាន្ត សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុនប្បន្នប្រធានព្រឹទ្ធសភា បានបញ្ចេញនូវទស្ស​ន​នយោបាយ និងមតិយោបលក្នុងរឿងជម្លោះប្រដាប់អាវុធនោះថា៖ «មានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើ​ប​​អាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចា មិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើ​យ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្តឲ្យភាគីទាំងពីររកតុចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់»។

សម្តេចេជោបានបញ្ជាក់ថា៖ «ជាបទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។»។ នេះជាការលើកឡើងរបស់សម្តេចតេជោ នារាត្រីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។

សម្តេច​តេជោបានសរសេរសារយ៉ាងដូច្នេះថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមាន ថ្ងៃ២០ មករា ២០២៥ ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើន ទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចរចាសន្តិភាពជាមួយ​រុស្ស៊ីទេ។ ចំណុចនេះ សម្តេចេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប»

សម្តេចតេជោ បានលើកឡើងទៀតថា៖ «តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?»

សម្តេច​តេជោ បានបញ្ជាក់ក្នុងសំណេរថា៖ «សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែនយកប្រៀបលើសមរភូមិយោធាបានទេ កុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅ​តែប៉ុណ្ណឹង»។ 

ការជាក់ស្តែងរយៈពេលកន្លងមកនេះ កម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោ​បាយទណ្ឌកម្មនេះប្រៀបដូចជា «ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង»។ នេះជាទស្សនរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «បទពិសោធន៍ដែលកម្ពុជា បានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។  មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថា ករណី អ៊ុយក្រែន ក៏ដូចគ្នា គឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថា តើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្​រទេ​ស​​ផ្សេងឡើយ»