2023-06-05 03:06
431

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេមយើងបានរួមចណែកបំពេញតួនាទីជាសមាជិកនៃការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន រួមចំណែកក្នុងពង្រឹងវស័យកីឡា។ យើងមិនមែនធ្វើម្ចាស់ផ្ទះសម្រាប់តែប្រជាជនខ្លួនឯង ១៧លាននាក់ទេ យើងមានភារៈកិច្ចនឹងធ្វើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងក្នុងចំណោមប្រជាជនជាង ៦០០លាននាក់របស់អាស៊ី ត្រូវមើលឱ្យឃើញនូវចំណុចនេះ។

ខាងលើនេះ ជាប្រសាសន៍លើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានអ្នកខ្លះគេថាយើងចាយលុយខ្ជះខ្ជាយ មិនគិតយកលុយទៅធ្វើអី្វផ្សេងបែរជានាំគ្នាយកលុយទៅធ្វើស៊ីហ្គេម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ស៊ីហ្គាម គឺជាកាតព្វកិច្ចរបស់សមាជិកអាស៊ាន» សម្តេចបានស្នើរសុំពន្យាពេលនៃការធ្វើស៊ីហ្គេមនេះ ដោយសារយើងត្រូវការលុយសម្រាប់ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និបមន្ទីរពេទ្យ….មុន។ល។ ប៉ុន្តែដល់ពេលវេលាដែលយើងត្រូវធ្វើយើងត្រូវធ្វើឱ្យបានល្អហើយបន្ថែមលើនោះជាប្រវត្តិសាស្ត្រស៊ីហ្គម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃទាំងអស់ រួមទាំងការស្នាក់នៅ ហូបចុក ប្រព័ន្ធផ្សព្វផ្សាយ គឺមិនយកលុយទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «លុយចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះចាយមិនចេះអស់ទេ។ កេរ្តិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទុកបន្សល់ឱ្យកូនចៅរបស់រាប់រយឆ្នាំតទៅទៀត អញ្ចឹងប្រទេសយើងក្រ ប៉ុន្តែបេះដូងយើងវាធំ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងនឹងឆ្លាក់នូវអ្វីៗដែលបានកើតឡើងអុះឡុងពេលស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅវិមាន “ឈ្នះ-ឈ្នះ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ទោះបីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខរៀងទីប៉ុន្មានជារឿងឈ្នះ រឿងចាញ់ វាមិនសំខាន់ទេ រឿងធំរបស់កម្ពុជា គឺធ្វើម៉េចចាត់តាំងការប្រកួតមួយធានាសាមគ្គីភាពសម្រាប់ប្រជាជាតិជាង ៦០០លាននាក់ និងត្រូវថែទាំំកីឡាករ កីឡាការិនីទាំងអស់របស់ប្រទេសនានាឱ្យបានល្អឥឡូវត្រូវបន្ថែមការយកចិត្តទុកដាក់បន្ថែមទៀតដោយពិការភាពរបស់កីឡាករ កីឡាការិនី ដែលត្រូវមើលឱ្យបានម្មត់ចត់»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមថ្លែងអំណរគុណគណៈកម្មការប្រកួត ក៏ដូចគ្រប់សេវាទាំងរាប់ទាំងក្រុមយុវជនស្ម័គ្រចិត្របានចូលរួមក្នុងការបម្រើឱ្យផ្តល់សេវា និងធានាសម្រាប់ឱ្យកីឡាករ កីឡាការិនី ព្រមទាំងគ្រូបង្វឹកមកពីបណ្តាប្រទេសនានា៕