
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។ ការបង្ហាញនូវក្តីមោទនៈនេះធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យប្រតិភូ នៃមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ CMAC ដែល បានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មក ដើម្បីបញ្ចៀសការគ្រោះ ថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងប្រែក្លាយដី សម្រាប់ សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនានា។ សម្តេចប្រធានរដ្ឋសភា បានបន្តថា កម្ពុជាជា ប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាព។ នៅឆ្នាំ ១៩៩៧ កម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់ មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការបោស សំអាតមីន និងសំណល់ពីសង្រ្គាមនេះ ស្រ្តីទទួលផលប៉ះពាល់ និងបន្ទុកយ៉ាងធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះត្រូវមើលថែទាំសមាជិក ឬខ្លួនឯងផ្ទាល់ដែលរងគ្រោះដោយសារមីន និងសំណល់ សង្គ្រាម។ សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណដល់ CMAC ដែលមិនត្រឹមតែបានសង្រ្គោះជីវិត មនុស្សពីមហន្តរាយដោយសារមីនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សេដ្ឋកិច្ចគ្រួសារធ្វើ យ៉ាង ណាឱ្យគ្រួសារដែលរងគ្រោះ មានលំនឹងជីវភាព តាមរយៈការជួយបណ្តុះបណ្តាលចិញ្ចឹមសត្វ ដាំដុះ និងការផ្គត់ផ្គង់ថែទាំជួសជុលដៃជើងសិប្បនិម្មិតដល់គ្រួសារទាំងនោះ។ ឯកឧត្តម ហេង រតនា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូល សកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី ៩ នៃគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី ១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់ បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅ ដោយ សុវត្ថិភាព”។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង ៤០០០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០ នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ។ ថ្វីត្បិតតែយើងទទួលបានជោគ ជ័យ ជាបន្តបន្ទាប់លើកិច្ចការនេះហើយក្តី យើងក៏ត្រូវប្រើពេលយូរទៅមុខទៀត ព្រោះសំណល់ពីសង្រ្គាមជា ច្រើនមានទាំងក្នុងទឹក និងនៅលើគោក។ ក្នុងនោះដែរ គឺមានការចូលរួមចំណែកដ៏សំខាន់មិន អាចខ្វះ បានរបស់ស្រ្តីជាប្រតិបត្តិករផ្ទាល់ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តីបំពេញការងារប្រកប ដោយ វិជ្ជាជីវៈ ស្មារតី និងការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យការប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់អំឡុង ពេលបំពេញការងារមានទាបជាងបុរស។ ឯកឧត្តម ក៏បានជម្រាបជូនផងដែរអំពីវឌ្ឍនភាព នៃការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ស្ថិតក្នុង ខេត្តសៀមរាប ដែលជាជំនួយរបស់ប្រទេសជប៉ុន មិនត្រឹមតែជាកន្លែងសិក្សា ស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានា ដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាម ផងដែរ។ ឯកឧត្តមបានជម្រាបបន្ថែមផងដែរថា សព្វថ្ងៃ CMAC បានក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺន មួយដល់បណ្តាប្រទេសនានា មានដូចជាកូឡុំប៊ី អ៊ុយក្រែន និងអាហ្វ្រិកជាដើម ដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ដែលជាទី កន្លែងដ៏មានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរំលឹកចងចាំនូវសោកនាដកម្មកើតឡើងពីសង្គ្រាម។ ការរក្សាទុក និងការតាំងបង្ហាញនូវប្រវត្តិសង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាលើកកម្ពស់ការយល់ដឹងពីអតីតកាល ជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធផលដែលសម្រេចបាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មេរៀនជាប្រវត្តិសាស្រ្ត បានបង្ហាញឱ្យយើងទាំងអស់គ្នា ត្រូវបន្តចូលរួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក សព្វ ថ្ងៃនេះ ដោយការពារដាច់ខាតពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម ដែលមានបំណង ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន ឱ្យគង់វង្ស ឋិតថេរ ជានិច្ចនិរន្តរ៍ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា សារមន្ទីតេជោសន្តិភាព នឹងជាទីកន្លែងដ៏ទាក់ ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីអតីតកាលរបស់កម្ពុជា បន្ថែមលើការធ្វើទេសចរណ៍បែបប្រពៃណី វប្បធម៌ សាសនា និងប្រាង្គប្រាសាទនានា៕


