
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ។ លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ជាប់ខេត្តចំនួន៣របស់ប្រទេសថៃ រួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។ លោកអភិបាលខេត្ត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។ តាមរយៈអគ្គកុង ស៊ុលថៃប្រចាំខេត្តសៀមរាប, លោក សុខ លូ បានស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមក ដល់នាពេលខាងមុខនេះ។ លោក ណារុត សូន្ថរោត្តម ក៏បានស្នើលោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃ ដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។ លោក ណារុត សូន្ថរោត្តម មើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់ ពិសេសទីក្រុងកាន់តែល្អ ស្រស់បំព្រងខ្លាំងជាងមុន។ ក្នុងជំនួបប្រកបដោយភាពស្និទស្នាលនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្មរវាងខេត្តជាប់ព្រំដែន សំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព ធ្វើឱ្យជីវភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែន ជាលពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញជាដើម៕"


