2023-06-06 02:06
520

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើសេចក្តីណែនាំ ស្តីពី ការពង្រឹងចលនាប្រជាការពារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងអ្នកមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងអំពីសាវតា នៃការបង្កើតចលនាប្រជាការពារ ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការដួលរលំទាំងស្រុង នៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយ "ឈ្នះ-ឈ្នះ" ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងអំពីកត្តាសំខាន់របស់ប្រជាការពារក្នុងការចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា។

ឯឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសេចក្តីណែនាំ ស្តីពី ការពង្រឹងចលនាប្រជាការពារគោរពជូន សម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបផងដែរ។ ឯឧត្តមក៏បានលើកឡើងថា យុទ្ធនាការបំផុសចលនាមហាជនដើម្បីចូលរួមការពារសន្តិសុខមាតុភូមិហៅថា “ចលនាប្រជាការពារ” ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍វិធានការនានាជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍កិច្ចដំណើរការ នៃចលនាប្រជាការពារនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានធ្វើបទបង្ហាញអំពីវិធានទូទៅ ស្ដីពី ការកសាងប្រជាការពារ ដែលមានដូចជា គោលការណ៍ជាមូលដ្ឋាន នៃចលនាប្រជាការពារ ,អំពីការបំផុសចលនា និងផ្សព្វផ្សាយអប់រំ ,ភារកិច្ចរបៀបរបបធ្វើសកម្មភាព និងសិទ្ធរបស់ប្រជាការពារ ,ការកសាងចាត់តាំងកម្លាំងប្រជាការពារ, ការរៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អង្គប្រជុំត្រូវជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់ឲ្យបានផុលផុស ផ្តល់ជាធាតុចូលបន្ថែមទៀត ដើម្បីធ្វើឱ្យសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារនេះ អាចអនុវត្តទៅប្រកបដោយប្រសិទ្ធភាព៕