2023-06-07 08:06
494

កណ្តាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន ព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ 

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការ ចំនួន ៥០ឆ្នាំ និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។ 

គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ នាពេលខាងមុខ។ 

សូមឈ្វេងយល់ពីគម្រោងស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល រួមមាន៖ ប្រវែងស្ពាន សរុប ៤១៥ម៉ែត្រ ទទឹងស្ពាន ៣.៥ម៉ែត ចំណុចចាប់ផ្ដើម ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ និងចំណុចបញ្ចប់ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០។ 

ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅមីនា ឆ្នាំ២០១៤ បញ្ចប់ការសាងសង់ចុងឆ្នាំ២០១៦ ដែលមានរយៈពេលសាងសង់ ៣៦ខែ ជាប្រភេទស្ពានបេតុងសរសៃដែកទំហំទឹកប្រាក់គម្រោងប្រមាណជាង ២២,១៩លានដុល្លារអាមេរិក ដែលសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិន។ 

សូមជម្រាបផងដែរថា គម្រោងសាងសង់ស្ពាននេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ  រួមទាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕