2023-06-08 05:06
457


កំពង់ចាម៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៨៥នាក់ នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។


ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពាធ នាឱកាសនោះ រួមមាន ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៥៥០ម៉ែត្រ គំនូស និងផ្លាកសញ្ញចរាចរ ដែលជាអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ ១ខ្នង ទូដាក់សម្ភារៈ ចំនួន ១៦០ទូ គ្រែដេក ២ជាន់ ចំនួន ៨០គ្រែដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
របាយការណ៍បានឲ្យដឹងថា ចំពោះអគារស្នាក់នៅ ១ខ្នង ទូដាក់សម្ភារៈបរិក្ខាបំពាក់ជាអំណោយរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាម ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។
ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសម្រេចជួយឧបត្ថម្ភអគារសិក្សា ១ខ្នង និងបំពាក់សម្ភារៈ ក្នុងតម្លៃទឹកប្រាក់ជាង ២៣ម៉ឺនដុល្លារដល់សាលានគរបាលជាតិភូមិភាគ២ផងដែរ។ 


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា និយាយជារួម  និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនគរបាលផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាលភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងថាការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ និងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ 
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភី ចំនួន ១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជន ចំនួន ០៨រូបផងដែរ៕