2025-04-29 15:38
17

ខេត្តកណ្តាល ៖ ផ្ទះសំណាក់មួយកន្លែងយីហោ «លីលី» តែងតែមានក្រុមក្មេងស្ទាវប្រុសស្រីចំនួន១២នាក់មកស្នាក់នៅពពាក់ពពួនគ្នាត្រូវបាន កម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកកោះធំចុះធ្វើរដ្ឋបាលប្រមូលយកមកធ្វើកិច្ចសន្យាអប់រំ ។ ការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៨ និង ៣០នាទីព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងស្ទាវដែលប្រមូលបានពេលនេះ មានចំនួន១២នាក់ ក្នុងនោះមាន ស្រី០៥នាក់ ដែលមានអាយុពី១៥ឆ្នាំ ទៅ២០ឆ្នាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល ( អវិជ្ជមានចំនួន១១នាក់ វិជ្ជមានចំនួន០១នាក់ ) ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ដំបូងឡើយ មានប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលស្រុកកោះធំថា មានក្រុមស្ទាវជាច្រើនអ្នកបានប្រមូលផ្តុំគ្នា ដេកនៅតាមបន្ទប់ផ្ទះសំណាក់ និងផ្ទះជួលដូចបានរៀបរាប់ខាងលើ ។ក្រោយពេលទទួលបានព័ត៌មានរួច កម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ដឹកនាំដោយលោក ច្រឹក ស្រ៊ង អភិបាលរងស្រុក ជាដំណាងដ៏ខ្ពង់ខ្ពស់ លោកឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងលោកវរសេនិយ៍ទោ ខាន់ ចាន់ថា អធិការរងទទួលផែននគរបាលយុត្តិធម៌ រួមនិង កងកម្លាំងចម្រុះបានចុះធ្វើ រដ្ឋបាលនៅតាមបន្ទប់ផ្ទះសំណាក់ និងបន្ទប់ផ្ទះជួលចំនួន០២គោលដៅគឺ មានផ្ទះសំណាក់យីហោ « លីលី » ស្ថិតនៅភូមិកំពង់ស្វាយក្រោម និងផ្ទះជួល« ចាន់ ណារី »ស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញមានក្រុមក្មេងស្ទាវ ប្រុស/ស្រី ចំនួន១២នាក់ ដែលបានមកជួលបន្ទប់ដេកស្នាក់នៅប្រមូលផ្តុំគ្នាអត់ចូលផ្ទះបង្ករជារភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋាន ។ក្រោយពេលត្រួតពិនិត្យនៅតាមបន្ទប់ជួល និងផ្ទះសំណាក់រួចមក សមត្ថកិច្ចបាននាំខ្លួនមុខសញ្ញាក្រុមក្មេងស្ទាវ ខាងលើនេះយកមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបំភ្លឺជុំវិញរឿងហេតុ ដែលបានកើតឡើង និងធ្វើរបាយការណ៍និងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីអប់រំលើក្រុមក្មេងទំនើងខាងលើនេះ ដោយឱ្យអាណាព្យាបាលរបស់គាត់ មកធ្វើលិខិតធានាយកកូនៗ ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ ៕