
ព្រៃវែង៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានមិនភាពកម្ពុជា-ជប៉ុន ត្សឹបាសា ហៅស្ពានអ្នកលឿង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកពាមរក៍ ជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាព។
ការជួយសង្គ្រោះស្ត្រីសម្រាកកូនតាមផ្លូវខាងលើ ធ្វើឡើនៅរសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ នៃស្នងការដ្ឋានខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក និងកងកម្លាំងក្រោមឱវាទបានអន្តរាគមន៍ធ្វើការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេកើតតាមផ្លូវបានទារក (ប្រុស) នៅវេលាម៉ោង ០៤និង៤៥នាទីរសៀល នៅត្រង់ចំណុច គល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក ខេត្តព្រៃវែង ។
អធិការនគរបាលស្រុកពារក៍ បានឱ្យដឹងថា ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេ នៅគល់ស្ពានអ្នកលឿង មានឈ្មោះថា ឌី ចន្ធូ អាយុ ២៨ឆ្នាំ មុខរបរ ជាមេផ្ទះ និងប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកជញ្ជូនតាមរថយន្តស៊ឺរ៉ែន ទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដើម្បីជួយសង្គ្រោះដោយសុវត្ថិភាពទាំងម្ដាយ និងកូន៕