2023-06-11 02:06
399


តាកែវ៖ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសលោក អ៊ូច ភា អភិបាលខេត្តតាកែវថា "ចៅហ្វាយខេត្តតាកែវ ត្រូវចាត់ទុកថាជាចៅហ្វាយខេត្តអន់ជាងគេត្រូវដឹង"។ 


សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះលោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅមុខកម្មករ កម្មការិនីជិត ២ម៉ឺននាក់ យ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ ខណៈសម្តេចតេជោចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២។ 
ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែនជាមួយកម្មករ កម្មការិនី ខាងលើ ធ្វើឡើងនៅរោងចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។ 
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "គ្រាន់តែស្រុកត្រាំកក់មួយមានរោងចក្រ ២០រោងចក្រមិនតិចទេ ទូទាំងខេត្តមាន ៦៨រោងចក្រ មានកម្មករ កម្មការិនីកំពុងធ្វើការងារជិត ៦ម៉ឺននាក់"។ 
ពាក់ព័ន្ធវិស័យរោងចក្រ សហគ្រាសក្នុងភូមិសាស្ត្រខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានសួរទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ អំពីចំណូលប្រចាំខែបានប៉ុន្មាន ប៉ុន្តែលោក អ៊ូច ភា ឆ្លើយថាមិនច្បាស់ សម្តេតតេជោស្តីបន្ទោសថា "អាមិនច្បាស់ហ្នឹងបានតែព្រនុង ថ្ងៃក្រោយធ្វើចៅហ្វាយខេត្តឲ្យដឹងចំណូលប្រាក់បានប៉ុន្មាន? កុំមកឆ្លើយថា អត់ច្បាស់! បើលោកឯងក្តាប់មិនបានទេ ថ្ងៃក្រោយឈប់ធ្វើចៅហ្វាយខេត្តទៀត ថ្ងៃក្រោយឲ្យរៀង!"។ 
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា "អញ្ចឹងគ្រាន់តែពាក់ព័ន្ធចំណូលកម្មករក្តាប់អត់បានផង ធ្វើចៅហ្វាយខេត្តមានន័យស្អី!"។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា "ចៅហ្វាយខេត្តតាកែវ ត្រូវចាត់ទុកថា ជាចៅហ្វាយខេត្តដែលអន់ជាងគេ"៕