2023-06-13 11:06
512

ភ្នំពេញ៖ ថ្លែងក្នុងពិធីអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា "វត្តមានរោងចក្រនៅកម្ពុជា នៅឆ្នាំ២០២៣នេះ គ្រាន់តែរោងចក្រវិស័យកាត់ដេរបានកើនដល់ ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ម៉ឺននាក់ និងការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈពេលសម្តេចបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុប ១៨ ០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ ថ្ងៃនេះសម្តេចពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកូនក្មួយ កម្មករ-កម្មការិនីនៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាថ្មីម្ដងទៀត។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ក្នុងការជួបជុំរវាងកូនក្មួយកម្មករ-កម្មការិនី ពេលនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករ និយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយ ផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា "បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាស ចំនួន ៩ ៣១៤ មានកម្មករ និយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ"។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា "រាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដ ក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ"។ 

សម្តេចតេជោ បានបញ្ជាក់ថា "សព្វថ្ងៃក៏បានជំរុញអភិបាលរាជធានីភ្នំពេញ បន្តពង្រីកវិសាលភាព ក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនីបន្ថែមទៀត នៅទីតាំងដែលមិនទាន់បានទៅដល់"។ 

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជថ្មីថា "សូមកូន ក្មួយ កម្មករ-កម្មការិនី និយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្ត ដោយធ្វើយ៉ាងណាកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន បញ្ហាបងតូចបងធំ កាប់ចាក់គ្នានៅក្នុងរោងចក្រ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលតែម្តង"។ មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះ ចំនួន ៥៧២នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕