2025-07-31 15:09
27

ភ្នំពេញ៖ អគ្គនាយក អង្គភាព «ស៊ីម៉ាក់» លោក ហេង រតនា នារសៀល ថ្ងៃព្រហស្សតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «ក្រុមអ្នកជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ របស់ អង្គភាពស៊ីម៉ាក់ បានធ្វើការស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះ ចំនួន ០៤ ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះ កប់ក្នុងដី ចំនួន ០៥ ទីតាំង (មានរន្ធគ្រាប់បែក) ដែលសុទ្ធជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសរបស់ថៃ ពីលើយន្តហោះចម្បាំង F-16»

លោក ហេង រតនា បានបញ្ជាក់ថា៖ «គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ ថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះ គ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់»។ 

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ទៀតថា៖ «គ្រាប់បែកត្រកូល MK នេះ មានកំណត់សំគាល់ និងប្រភពច្បាស់លាស់ ជាពិសេស ទិន្នន័យយន្តហោះចម្បាំង F-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់ សុទ្ធតែមានកំណត់ត្រា។ យន្តហោះ F-16 នេះអាចដឹកគ្រាប់បែក MK-84 ចំនួន ០៤ គ្រាប់ ក្នុងការទម្លាក់ក្នុង១ជើង»

លោក ហេង រតនា បានលើកឡើងថា មានពួកអគតិលាបពណ៌បានលើកឡើងថា គ្រាប់បែក MK-84 នេះជាគ្រាប់បែកចាស់។ លោកបញ្ជាក់បន្ថែថា ករណីគ្រាប់បែកចាស់ មានអាយុកាលជាង ៥០ឆ្នាំ មកហើយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសស៊ីដែកជ្រៅៗ។ ទន្ទឹងនឹងនេះ រណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ អ្នកណាសង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន៕