2023-06-23 05:06
339

 

នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ 


វត្តមានសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ គឺដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក៏ការពារសេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ រដ្ឋសភាបានអនុម័តសេចព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង១១១ លើ១១១សំឡេង។
បន្ទាប់ពីសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណអង្គសភា និងអះអះអាងថាច្បាប់នេះនៅពេលចូលជាធរមាននឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចរិកនៅក្នុងរដ្ឋធម្មនុញ្ ញជាពិសេសការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយទាំងថ្នាក់ជាតិ និងក្រោមជាតិ។
ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្ដេជ្ញាចិត្តថានឹងយកច្បាប់នេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ រួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនដែលមានកំណត់ក្នុងច្បាប់ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោយពេលដែលច្បាប់នេះបានចូលជាធរមាន។
យោងតាមសេចក្ដីថ្លែងហេតុ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធបោះឆ្នោត បានកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោត និងបានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលទទួលដឹកនាំធ្វើសេចក្ដីព្រាងវិសោធណកម្មច្បាប់នេះ ក៏ធ្លាប់បានបញ្ជាក់ដែរថា វិសោធនកម្មនេះធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ពិសេសត្រង់មាត្រាចែងថាបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ ហើយថាសម្រាប់ពលរដ្ឋទូទៅ ការទៅ ឬមិនទៅបោះឆ្នោតគឺជាសិទ្ធិសម្រេចរបស់ពលរដ្ឋ៕