
ពោធិ៍សាត់៖ ឈាមស្រែកស្បែកហៅឃាតកដៃដល់ដែលធ្វើសកម្មភាពរឹត.កសម្លាប់ប្រពន្ធដោយសារភ្លើងប្រច័ណ្ឌនៅក្នងព្រៃសហគមន៍រួចគ្រប់សាកសពចោលរហូតដល់រលួយសល់តែគ្រោងឆ្អឹងមើលលេងស្គាល់ ហើយត្រូវបានប្រជាពលរដ្ឋដើរកាត់ទំពាំងឫស្សីព្រិចប្រទះឃើញបង្កការភ្ញាក់ផ្អើល ពេលនេះឃាតកដៃដល់សមត្ថកិច្ចចាប់ខ្លួនបានហើយ។
អធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីលោក រស់ សាវុធ អនុប្រធានភូមិអន្លង់មាន ថាមានប្រជាពលរដ្ឋដើរកាត់ទំពាំងឬស្សីព្រិច ប្រទះឃើញមានមនុស្សដេកស្លាប់មានតែឆ្អឹងនៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និងកម្លាំងផ្នែកជំនាញអធិការស្រុកបាកានដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកគ្រូពេទ្យកោសល្យវិច្ច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពដែលស្អុយរលួយសល់តែគ្រោងឆ្អឹង។
របាយការណ៍ប៉ូលិសបានឱ្យដឹងថា បើតាមការបំភ្លឺពីឈ្មោះ ណយ នាង ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ខ្លួនបានបាត់កូនស្រីបង្កើតឈ្មោះ នាង ណាក ហៅចាន់ណា អាយុ ២៤ឆ្នាំ ប្ដីឈ្មោះ វិសាល ជាសន្តិសុខនៅក្រុមហ៊ុនចិន ទីតាំងដី ១០ ហិចតា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅដោយមិនដឹងមូលហេតុ ប៉ុន្តែមុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី «រឿងប្ដីប្រច័ណ្ឌ»។
របាយការណ៍បានឱ្យដឹងទៀតថា តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នារីរងគ្រោះឈ្មោះ នាង ណាក ហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែង ពណ៌ក្រហម អាវក្រៅដៃវែង។ តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពនៅកន្លែងកើតហេតុសពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវ និងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូ សពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ ម៉ែត្រ រិត.ក និងថង់ខ្មៅធំ ទំហំ៩០×១២០គ្របពីលើសាកសព។
តាមការស្រាវជ្រាវជុំវិញរឿងហេតុ សមត្ថកិច្ចបានដាក់ការសង្ស័យ និងកំណត់មុខសញ្ញាជនដៃដល់ គឺឈ្មោះ វិសាល ដែលត្រូវជាប្ដីរបស់ជនរងគ្រោះតែម្តង។ លុះនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង១៥នាទីកម្លាំងសមត្ថកិច្ចបានចុះទៅនាំឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន១០ ហិតា នៅស្រុកវាលវែង មានទីលំនៅភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសាកសួរតាមនិតិវិធី ហើយឈ្មោះ សុខ វិសាល បានសារភាពថា «ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែរសាកទូរសព្ទរឹត.កប្រពន្ធខ្លួនឈ្មោះ នាង ណាក ហៅចាន់ណា នៅព្រៃព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី ដោយសារតែភ្លើងប្រច័ណ្ឌប្រពន្ធ»។
ជនសង្ស័យឈ្មោះ សុខ វិសាល ធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន (+) និងបានឃាត់ខ្លួនតាមបញ្ជា លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញនិតិធីចាត់ការតាមផ្លូវច្បាប់៕

