2025-09-08 14:54
18

កោះកុង៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានឈានចូលដល់ថ្ងៃទី២ ដើម្បីបន្តពិភាក្សាលើការជំរុញប្រសិទ្ធភាព ភាពជឿជាក់លើការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នាឡើងវិញ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០១និង៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង។ 

ក្រុមលេខាធិការ GBC របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការ GBC របស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។

កិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព  ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕