
បាល់ទាត់៖ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ល្អបំផុត ក្នុងពូល G ពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup ឡើងដល់ជុំចុងក្រោយ ក្រុម U23 កម្ពុជា ត្រូវតែរកឲ្យបានពិន្ទុពីលើក្រុម U23 អ៉ីរ៉ាក់ ខណៈការប្រកួតចាប់ផ្ដើមនៅម៉ោង៧យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឆ្លងកាត់ ២ ប្រកួតដូចគ្នា ក្រុមទាំងពីរមិនទាន់បរាជ័យដូចគ្នា។ អ៉ីរ៉ាក់ រកបាន ៦ ពិន្ទុពេញ កំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ប៉ាគីស្ថាន ៨-១ និងឈ្នះ អូម៉ង់ ១-០។ ចំណែក កម្ពុជា រកបាន ៤ ពិន្ទុ ឈរលេខ២ តាមរយៈជ័យជម្នះ ១-០ លើ ប៉ាគីស្ថាន និងស្មើ អូម៉ង់ ០-០។ ដូចនេះ ការប្រកួតស្អែកនេះ ក្រុមណាឈ្នះ នឹងទទួលបានលេខ ១ ក្នុងពូល ឡើងទៅជុំចុងក្រោយដោយស្វ័យប្រវត្តិ។
តែវាមិនងាយស្រួលពេកទេសម្រាប់កម្ពុជា ពីព្រោះក្រុម អ៉ីរ៉ាក់ មិនធ្លាប់ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលឡើយ។ ពួកគេតែងតែបានឡើងទៅជុំចុងក្រោយរហូតគិតចាប់តាំងពីឆ្នាំដំបូង ២០១៣ មក ហើយពួកគេធ្លាប់បានឈ្នះជើងឯកពានរង្វាន់នេះថែមទៀត។ បើទោះបីជា អ៉ីរ៉ាក់ ចាញ់ ក៏ពួកគេនៅតែមានភាគរយខ្ពស់ក្នុងការឡើងទៅជុំចុងក្រោយក្នុងនាមជាក្រុមលេខ២ល្អបំផុត។ ផ្ទុយទៅវិញ ប្រសិនបើ កម្ពុជា ចាញ់គឺអស់ឱកាសហើយ ប៉ុន្តែ ប្រសិនបើស្មើគ្នាគឺ អ៉ីរ៉ាក់ លេខ១ ហើយ កម្ពុជាអាចមានឱកាសអ៊ុតមើលចំណាត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូល។
ងាកមកមើលកម្ពុជាវិញ មិនធ្លាប់មានប្រវត្តិឡើងដល់ជុំចុងក្រោយឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត។ ឆ្នាំ ២០២៥ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។
មែនទែនទៅ សម្រាប់ការប្រកួតពានរង្វាន់ AFC Asian Cupមិនមែនថាកម្ពុជា មិនមានឳកាសជុំចុងក្រោយទាល់តែសោះទេ គ្រាន់តែបានឡើងហើយ តែមិនមានសំណាង។ គួររម្លឹកដែរថា កម្ពុជាធ្លាប់សាងកំណត់ត្រាបានម្ដង ដោយកាលនោះលោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានដឹកនាំក្រុម U20 កម្ពុជា បង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឡើងទៅជុំចុងក្រោយពានរង្វាន់ AFC U20 Asian Cup ឆ្នាំ២០២០។ លទ្ធផលការប្រកួតនៅពេលនោះធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែន ពីព្រោះស្ទើរតែឈ្នះគ្រប់ការប្រកួតក្នុងពូល ហើយជាពិសេសគឺបានឈ្នះថៃ។ ការប្រកួតពហុកីឡដ្ឋានជាតិអូឡាំពិក បើកឆាកចាញ់ ម៉ាឡេស៊ី ប្រផុតប្រផើយគឺ ៤-៥ ប៉ុន្តែ៣ប្រកួតចុងក្រោយ បានឈ្នះ កោះម៉ារីណា ៩-០, ឈ្នះ ថៃ ២-១ និង ឈ្នះ ព្រុយណេ ៣-០ ដើម្បីទទួលបានលេខ ២ ក្នុងពូល ឡើងទៅជុំចុងក្រោយ។ ទោះបីជាយ៉ាងណា ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះ អ៊ូបេគីស្ថាន បានលុបចោលសម្រាប់ការរៀបចំប្រកួតជុំចុងក្រោយ។
ដុច្នេះ ស្អែកនេះ U23 កម្ពុជា ត្រូវឈ្នះ អ៉ីរ៉ាក់ ជាចាំបាច់ ដើម្បីបំបែកកំណត់ត្រាលើកទី២ ឡើងទៅជុំចុងក្រោយ ៕


