2025-09-11 11:17
17

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី DATO' PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមជម្រាបថា កាលពីរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់ របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយកនៃនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

ក្រសួងការពារជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធានដឹកនាំសម្របសម្រួលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ 

សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕