
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគដាក់ប្រាក់ទទួលបានការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លី ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងយោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិទទួលផែន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។
ការបង្ក្រាបករណីឆបោកតាមអនឡាញខាងលើ ក្រោយការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ ឈ.ច.រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា «ជនសង្ស័យរូបនេះ ជាអ្នកធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់ ហើយទទួលបានផលប្រយោជន៍ពីអំពើទុច្ចរិតនេះ»។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានហ្មត់ចត់ទៅលើការដាក់ប្រាក់វិនិយោគតាមអនឡាញ ជៀងវាងការខាតបង់ផលប្រយោជន៍នានាក្រោមការឆបោកពីជនអនាមិក៕



