
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ»។ កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោក ទាំងមូល។
ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗជូនព្រះរាជាណាចក្រកម្ពុជា ដូចជាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១ នៃអាស៊ាន និងការចូលរួមចំណែករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងអាវុធ ប្រល័យលោកដទៃទៀត។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន ៣មាត្រា។ ក្រោយពីបានពិភាក្សាតាមនីតិវិធី រួចរាល់រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទំាងមូលជាឯកច្ឆន្ទ៕

