
នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង ០៨យប់ នាថ្ងៃដដែល ដោយភាគីទាំងពីរបានអនុម័តរបៀបវារៈនៃកិច្ចប្រជុំស្តីពី “ការបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១”។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។
ជាមួយគ្នានេះភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈពេលដែលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕
