
ប៉េកាំង៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គមដោយបញ្ជាក់ថា៖ «កម្ពុជាថ្លែងអំណរគុណមិត្តចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ»។
ប្រមុខការពារជាតិកម្ពុជា លើបញ្ជាក់ថា «ចិន គឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕


