2025-09-18 21:05
6

គូឡាឡាំពួរ៖ សម្តេចរដ្ឋសភាធិការធិបតី  ឃួន សុដារី ប្រធានសភាកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា៖ បើគ្មានសន្តិភាព និងស្ថិរភាពក្នុងតំបន់ទេ គោលដៅអាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព គឺមិនអាចសម្រេចបានឡើយ។

នាឱកាសនោះ សម្តេចប្រធានសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជា ប្រធានប្តូរវេនអាស៊ាន ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងរដ្ឋសមាជិកអាស៊ានទាំងពីរ កម្ពុជា-ថៃ។ ពូត្រាចាយ៉ា (Putrajaya) ជានិមិត្តរូបនៃសន្តិភាព និងការផ្សះផ្សារវាងប្រជាជាតិទាំងពីរ។

សម្តេចរដ្ឋសភាធិការធិបតី  ឃួន សុដារី បានថ្លែងទៀតថា សន្តិភាព ការអភិវឌ្ឍ និងសមាហរណកម្មតំបន់ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកសាងសហគមន៍អាស៊ាន។ ក្នុងន័យនេះ យើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែង និងកៀរគរធនធានបន្ថែមទៀត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់ ព្រមទាំងលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន និងចីរភាពអាស៊ាន ដោយផ្អែកលើវិធានច្បាប់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លារនេះ សម្តេចប្រធានរដ្ឋសភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជាតិ និងមនុស្សជាតិទាំងអស់ដែលស្នេហាសន្តិភាព ដែលបានគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានត្រួតពិនិត្យបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។ សម្តេចប្រធានរដ្ឋសភាព បានជ្រាបជូនអង្គមហាសន្និបាតថា «កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃ នៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា»