2025-10-09 09:38
18

វ៉ាស៊ីនតោន/ក្រុងគែរ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាលើដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលជាកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំង ដែលអាចបើកផ្លូវដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាម និងការអូសបន្លាយដល់មជ្ឈិមបូព៌ា។

តាមការចេញផ្សាយពីសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៩ តុលា នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើដំណាក់កាលទីមួយនៃផែនការសន្តិភាពរបស់អាមេរិក។ 

"ខ្ញុំមានមោទនភាពណាស់ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់យើង" លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់លោក។ 

ប្រធានាធិបតីអាមេរិក បានបន្ថែមថា "នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេ ទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍។"

យ៉ាងណាវិញ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាជនហ្គាហ្សា ដែលភាគីទាំងពីរសម្រេចធ្វើតាមកិច្ចព្រមព្រៀងរបស់ លោក ត្រាំ។ ក្នុងនោះ ក្រុម Hamas បានបញ្ជាក់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម។ 

ប៉ុន្តែក្រុមនេះក៏បានអំពាវនាវឲ្យលោក Trump និងរដ្ឋអ្នកធានាត្រូវធានាថា អ៊ីស្រាអែលគួរតែអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ៕