
ថៃ៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កងទ័ពភូមិន្ទទី១ ថៃ ផ្ញើលិខិតបន្ទាន់មួយមកកម្ពុជា ទាក់ទងនឹងការចូលតំបន់ Ban Nong Chan និង Ban Nong Ya Kaew កាលពីថ្ងៃទី១០ ខែតុលា ដើម្បីបោសសម្អាតអាវុធជាតិផ្ទុះ ស្របតាមកិច្ចព្រមព្រៀងកិច្ចប្រជុំ GBC ដើម្បីការពារការយល់ច្រឡំ។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ នៅថ្ងៃទី៩ ខែតុលា នេះ កងកម្លាំងប៊ូរ៉ាផា យោធភូមិភាគទី១ ថៃ បានផ្ញើលិខិតបន្ទាន់មួយ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាក់ទងនឹងប្រតិបត្តិការបោសសម្អាតមីននៅតំបន់ Ban Nong Chan និង Ban Nong Ya Kaew ផ្ញើទៅកាន់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅកម្ពុជា។
លិខិតនោះបានលើកឡើងពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងលិខិតបញ្ជាក់ថា កងកម្លាំងប៊ូរ៉ាផា នឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន នៅតំបន់បានណងចាន់ ឃុំណនម៉ាក់ម៉ុន និងបានណងយ៉ាកែវ ឃុំខក់ស៊ុង ស្រុកខុកស៊ុង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ហើយការជូនដំណឹងនេះ ដើម្បីការពារការយល់ច្រឡំពីភាគីកម្ពុជា៕
