2025-10-11 10:33
28

ថៃ៖ កងកម្លាំងថៃ បានប្រើល្បែងចិត្តសាស្រ្តទៅលើពលរដ្ឋកម្ពុជាដោយគ្មានភាពអៀនខ្មាស់ ដែលបានចាក់សំឡេងឆ្កែលូ ឆ្កែព្រុស សំឡេងខ្មោចយ៉ាងគ្រលួច និងទ្រហឹងអឺងកង បង្ករជាការរំខានយ៉ាងធ្ងន់ធ្ងរបំផុត ដល់ពលរដ្ឋកម្ពុជាដែលរស់នៅ ភូមិជោគជ័យនិងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នាវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១០ ខែតុលា ទាហានថៃ ដែលឈរជើងនៅតំបន់បានណងយ៉ាកែវ ខេត្តស្រះកែវ បានព្យាយាមដាក់កំហិតឲ្យប្រជាជនកម្ពុជាចាកចេញពីភូមិជោគជ័យនិងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានចោទទាំងបំភ្លើសថា ជាទឹកដីអធិបតេយ្យរបស់ខ្លួន។ 

ក្នុងអំឡុងពេលនោះ ទាហានថៃ បានយកឡានស្ទូច មកលេងភ្លេង លាយឡំនឹងសំឡេងឆ្កែលូ ព្រុស និងសំឡេងខ្មោចស្រែកដើម្បីធ្វើឲ្យទាហានខ្មែរនិងប្រជាពលរដ្ឋកម្ពុជាភ័យខ្លាច។

ទង្វើដែលគ្មានសុជីវធម៌បែបនេះចាត់ទុកថា ជាការបំពុលផ្នែកសំឡេង និងការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ពីសំណាក់ទាហានថៃលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឲ្យមនុស្សម្នាមិនអាចសម្រាកបាន ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ជរា៕