2025-10-19 10:31
16

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ បានថ្លែងថា ក្រោយបញ្ចប់កិច្ចប្រជុំចតុភាគី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះ និងក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កម្ពុជា និងថៃ ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក បានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយ ឬហៅថា “កិច្ចព្រមព្រៀងសន្តិភាព” រវាងប្រទេសកម្ពុជា និងថៃ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា កិច្ចប្រជុំនេះមិនមែនជាកិច្ចប្រជុំលើកទី១ ទេ គឺបានបន្តពីកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននាំឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលចូលជានធរមាននៅម៉ោង ១២យប់ ម៉ោងក្នុងតំបន់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាប្រធានអាស៊ាន សម្របសម្រួលពីសហរដ្ឋអាមេរិក និងចិន។ 

បន្ទាប់ពីសម្រេចបានបទឈប់បាញ់ ក៏មានកិច្ចប្រជុំនានា ដើម្បីពង្រឹង និងអនុវត្តឱ្យបទឈប់បាញ់មានប្រសិទ្ធភាព និងពេញលេញ។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា «បន្ទាប់ពីនោះមកទើបមានតម្រូវការចាំបាញ់ ដើម្បីឈានពីបទឈប់បាញ់ទៅរកសន្តិភាព។ 

អញ្ចឹងដោយបន្តការយកចិត្តទុកពីសហរដ្ឋអាមេរិក ចំពោះសន្តិភាពនៅកម្ពុជា និងក្នុងទំនាក់ទំនងកម្ពុជា និងថៃ ក៏មានការរៀបកិច្ចប្រជុំ ១+៣ (កម្ពុជា-ថៃ-ម៉ាឡេស៊ី-សហរដ្ឋអាមេរិក) នៅទីក្រុងញូវយ៉ក កំឡុងពេលចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៨០ កាលពីចុងខែកញ្ញា កន្លងទៅ»។

ចាប់តាំងពីនោះមកយើងចង់បាននូវភាពកក់ក្តៅ និងភាពរឹងមាំទទួលបានសន្តិភាព រវាងប្រទេសកម្ពុជា និងថៃ ទើបកាលពីថ្ងៃទី១២ ខែតុលា កន្លងមក មានកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី ហើយបានបន្តដំណើរចរចាគ្នាបន្តបន្ទាប់ទៀត តាមការផ្លាស់ប្តូរឯកសារឱ្យគ្នាទៅវិញទៅមក និងមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រហូតដល់ថ្ងៃទី១៧ ខែតុលា ម្សិលមិញ បានជួបគ្នាដោយផ្ទាល់ចរចារគ្នាអស់រយៈពេលជាច្រើនម៉ោងដល់យប់ ទើបភាគីទាំងពីរបានឯកភាពគ្នាលើឯកសារមួយ ដែលយើងសង្ឃឹមយ៉ាងមុតមាំថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរកម្ពុជា និងថៃ និងចុះហត្ថលេខាជាសាក្សីដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលលោកនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានចុងខែនេះ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងសន្តិភាព នឹងក្លាយទៅជាឯកសារមួយដែលផ្តល់នូវភាពរឹងមាំនៅក្នុងការនាំប្រទេសកម្ពុជា និងថៃ ឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យវិលទៅរកប្រក្រតីភាពរវាងប្រទេស និងប្រទេស និងប្រជាជន និងប្រជាជនឡើងវិញ។ ហើយក៏ជាដំណើរឆ្ពោះរកកិច្ចសហប្រតិបត្តិការក្នុងការរស់នៅដោយសន្តិវិធី រវាងអ្នកជិតខាងគ្នា ហើយក៏បង្កើតនូវឱកាសកាលានុវត្តភាពនានា ដើម្បីឱ្យប្រទេសយើងទាំងពីររស់នៅដោយសុខសន្តិភាពជាមួយគ្នា និងមានវិបុលភាពជាមួយគ្នា»៕