
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា តាមរយៈការឯកភាពគ្នាកិច្ចប្រជុំកាលចតុភាគី (១+៣) កម្ពុជា-ថៃ-ម៉ាឡេស៊ី-សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ភាគីថៃសន្យានឹងដោះលេងកងកម្លាំងយោធារបស់កម្ពុជា ចំនួន ១៨ រូប ដោយមិនរង់ចាំឡើយ គឺមានន័យថា នឹងដោះលេងក្នុងពេលឆាប់ៗនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា នេះ នៅប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិ ដូណាល់ ត្រាំ នឹងចុះហត្ថលេខាជាសាក្សី និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន»។
ប្រមុខការទូតកម្ពុជា បានលើកឡើងថា កងកម្លាំងកម្ពុជា ចំនួន ១៨ នាក់ ដែលថៃបានចាប់យកទៅនៅក្រោយបទឈប់បាញ់ជាធរមាននោះ នឹងត្រូវដោះលែងមកវិញនៅពេលឆាប់ៗខាងមុខនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ ១+៣ នៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា សង្គ្រាមនៅតាមព្រំដែនរយៈពេលប្រាំថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងកងព័ទកម្ពុជា និងថៃ មានសភាពសាហាវខ្លាំងដែលជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ទើបលោកប្រធានាធិបតី ដូណាល់ ត្រាំ និងចិន ធ្វើការសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់បន្ទាន់ និងចូលជាធរមាននៅម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ លុះព្រឹកថ្ងៃទី២៩ ខែកក្កដា យោធាថៃ បានព័ទ្ធចាប់ទាហានកម្ពុជា យកទៅឃុំខ្លួនគិតត្រឹមថ្ងៃទី១៨ ខែតុលានេះ អស់រយៈពេល៨១ថ្ងៃហើយ។
ក្រោយមានបទឈប់បាញ់ភាគីទាំងពីរ កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងចរចាគ្នាដោយសន្តិវិធី ដើម្បីធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ តាមរយៈការសម្របសម្រួលពីអាម៉េរិក, ចិន និងមានការគាំទ្រពីសហគមន៍អន្តរជាតិនានា រហូតធ្វើឱ្យសម្រេចបានឯកភាពគ្នានូវកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ៕
