2025-10-19 13:59
15

កំពង់ស្ពឺ៖ ជនជាប់ឃុំម្នាក់ ដែលបានធ្វើសកម្មភាពហែករបងពន្ធនាគារខេត្តកំពង់ស្ពឺ រួចរត់ចេញបាត់កាលពីបីខែមុនពេលនេះត្រូវបានតាមចាប់ខ្លួនត្រឡប់វិញ ដើម្បីឃុំខ្លួនបន្តតាមនិតិវិធីច្បាប់ ខណៈជនជាប់ឃុំរូបនេះ ដើរយ៉ាងរំភើយក្បែរបងអតីតតុលាការចាស់។

ប្រតិបត្តិការចាប់ខ្លួនពិរុទ្ធជានខាងលើ ធ្វើឡើងនៅរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចំណុច ក្រោយរបងអតីតសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនជាប់ឃុំដែលត្រូវចាប់ខ្លួនមកវិញនោះ មានឈ្មោះ សុខ មករា ភេទប្រុស អាយុ ៣៦ឆ្នាំ បានហែងរបងពន្ធនាគាររត់ចេញកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយបក្ខពួកម្នាក់ទៀត និងបានវាយមន្រ្តីអនុរក្សម្នាក់បណ្តាលឱ្យរងរបួស ខណៈពេលដេញប្រផាប់ចាប់ប្រភីង រួមក៏គេចខ្លួនបាត់ស្រមោល។

ក្រោយមានករណីជនជាប់ឃុំហែកគុករត់បាត់អស់ ចំនួន ០២ នាក់ ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោកឧត្តមអគ្គានុរក្ស ទិន សុវណ្ណនី បានសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់លំដាប់ថ្នាក់ ដើម្បីស្រាវជ្រាវស្វែងរកជនជាប់ឃុំទាំងនេះ ប៉ុន្តែគ្មានតម្រុយ។ 

លុះនៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្រាប់ប្រទះឃើញជនជាប់ឃុំម្នាក់ ឈ្មោះ សុខ មករា បានបង្ហាញខ្លួននៅចំណុច ផ្ទះជួលមួយកន្លែង ក្បែរតុលាការចាស់ សមត្ថកិច្ច និងមន្ត្រីអនុរក្សពន្ធនាគារធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនត្រឡប់មកវិញតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងពេលឡោមព័ទ្ធ ដើម្បីចាប់ខ្លួនជនជាប់រូបនេះ បានយកកាំបិតរារាំងប្រឆាំងការចាប់ខ្លួនរបស់សមត្ថកិច្ច ទើបមានការបាញ់គំរាមឱ្យជននេះទំលាក់កាំបិតចុះ រួចប្រគល់ខ្លួនឱ្យកម្លាំងអនុរក្សពន្ធនាគារតាមសម្រួល។

ជនជាប់ឃុំឈ្មោះ សុខ មករា បានសារភាពថា ខ្លួននិងបក្ខពួកដែលឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នាបានរៀបចំផែនការដើម្បីកាច់សោរបន្ទប់លួចរត់ចេញ ហើយនៅយប់កើតហេតុក៏បានយកដែកព្យួរខោអាវរួសឱ្យស្តើង ដើម្បីឆ្កឹះសោរទ្វាបន្ទប់ និងយកភួយចងតគ្នាទៅបង្គោលប៉មយាម ខណៈមន្ត្រីអនុរក្សដូរវេនយាមតោងឡើងលោតចុះពីកំផែងគេចខ្លួនតែម្តង។

បច្ចុប្បន្ន ជនជាប់ឃុំឈ្មោះ សុខ មករា ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញហើយ តែបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនជាមួយ កម្លាំងជំនាញបាននិងកំពុងបន្តស្វែងរក ដើម្បីចាប់ខ្លួនបញ្ជូនមកឃុំខ្លួនវិញផងដែរ។

សូមជម្រាបផងដែរថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ មានគ្នាប្រមាណ ៣០ នាក់ បានរៀបផែនការធ្វើសកម្មភាពវាយឆ្មាំគុក ក្នុងគោលបំណងរត់ចេញពីពន្ធនាគារ តែត្រូវបានមន្ត្រីពន្ធនាគារ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការឡោមព័ទ្ធភ្លាមៗ ទប់ស្កាត់ និងបង្រ្កាបបានភ្លាមៗ ដោយគ្មានជនជាប់ឃុំណាម្នាក់រត់រួចឡើយ៕