
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់តម្រូវឱ្យសិប្បកម្ម «លីង កិន» វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ដែលស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបិទផ្ចិតកន្លែងដែលលេចធ្លាយផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ។ ជាមួយគ្នានេះ សិប្បកម្មត្រូវទទួលរងពិន័យអន្ដរការណ៍ លើកាបញ្ចេញសារធាតុបំពុលខ្យល់ ពីម៉ាស៊ីនភ្លើង ដោយពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្ម ពីក្រសួងបរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថាន ចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ល្មើសនឹងមាត្រា ១៧៣ មាត្រា ៦៩៤ និងមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ សិប្បកម្មត្រូវកែល្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន (Afterburner) ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ។ សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យនិងរកឃើញ ករណី មានក្លិនផ្សែងឈ្ងៀមចេញពីសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី ដែលបង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាននៅជុំវិញ៕

