ថៃ៖ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែតុលា ថា ការពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ដែលធ្វើឡើងនៅថ្ងៃទី ២១-២២ ខែតុលា នៅខេត្ត Chanthaburi ប្រទេសថៃ ដែលបានបញ្ចប់កាលពីយប់មិញ ត្រូវបានធ្វើឡើងដោយផ្អែកលើការស្ទង់មតិរួមគ្នានៃបង្គោលព្រំដែនដើម កម្ពុជា-ថៃ។
តាមការចុះផ្សាយដោយ khoasod បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសខាងលើ អះអាងថា ក្នុងកិច្ចប្រជុំ JBC ពួកគេ មិនបានយល់ព្រមប្រើផែនទីខ្នាត ១/២០០០០០ ដូចការផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីកម្ពុជាឡើយ។
“ការពិភាក្សាមិនពាក់ព័ន្ធ ឬពាក់ព័ន្ធទៅនឹងបញ្ហាផែនទីខ្នាត ១/២០០,០០០ ដូចដែលបានរាយការណ៍ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។” នេះបើតាមការលើកឡើងរបស់ លោក Nikorndej Balankura។
លោក បន្តថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី ដោយឈរលើគោលការណ៍អ្នកជិតខាងល្អ ទន្ទឹមនឹងការឈរយ៉ាងម៉ឺងម៉ាត់លើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជននៅតាមព្រំដែន។
សូមជម្រាបថា យោងតាមសំណេរដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ ភាគីកម្ពុជា-ថៃ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។
ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។
លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត៕




