2025-10-24 13:08
15

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើដំណើររយៈពេលពីរថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា។ នៅក្រៅកិច្ចប្រជុំនេះ លោក Lee គ្រោងជួបនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រជាជាតិ និងបញ្ហាដែលមិនទាន់សម្រេច រួមទាំងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតផងដែរ។

នេះបើយោងតាមការអះអាងរបស់ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែតុលានេះ ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែតកូរ៉េ YNA។
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េ លោក Wi Sung - Lac បានប្រាប់អ្នកសារព័ត៌មាន លោក Lee គ្រោងនឹងចាកចេញពីថ្ងៃអាទិត្យ ទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាកន្លែងដែលលោកគ្រោងនឹងពិភាក្សាអំពីវិធី ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កូរ៉េខាងត្បូង ជាមួយប្លុកដែលមានសមាជិក ចំនួន ១០ ប្រទេស។ 

ប្រធានាធិបតីកូរ៉េ លោក Lee នឹងគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ហើយបន្ទាប់មកចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN បូកបីដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង ជប៉ុន និងចិន។

លោក Wi បាននិយាយថា នៅខាងក្រៅការជួបជុំនេះ លោក Lee នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិ និងបញ្ហាដែលមិនទាន់សម្រេច រួមទាំងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតផងដែរ។

សូមជម្រាបថា ក្នុងឱកាសជំនួបថ្មីៗនេះ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី គឹម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតី បានសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបង្ហាញការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

សម្រាប់ទិសដៅទៅមុខ កម្ពុជា នឹងបន្តពង្រឹងសមត្ថភាពអនុវត្តច្បាប់ ក្របខ័ណ្ឌច្បាប់ និងភាពជាដៃគូក្នុងតំបន់ ក្រោមក្របខ័ណ្ឌអាស៊ាន។ កម្ពុជា ក៏នឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងាររបស់ខ្លួនផងដែរ តាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ការពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋកម្ម កាន់តែរឹងមាំ និងការជំរុញយុទ្ធនាការបញ្ជាបការយល់ដឹងជាសាធារណៈកាន់តែប្រសើរ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា សាររបស់កម្ពុជា គឺច្បាស់លាស់ «ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការឆ្លើយតបរបស់កម្ពុជា ប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និងការសម្របសម្រួល»។ តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនការស្តីបន្ទោស កម្ពុជានឹងបន្តស្វែងរកឧក្រិដ្ឋជន ការពារ និងសង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា៕