ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា បានរំលឹកឡើងវិញអំពីប្រវត្តិនៃការចរចាជាមួយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានដោះស្រាយជម្លោះនៅកម្ពុជា។
ក្នុងនាមជាម្ចាស់ហត្ថលេខី នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋ នៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ដែលជាការចាប់ផ្តើមនៃការចរចាឆ្ពោះទៅរកសន្តិភាព។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងជាច្រើនដង និងច្រើនទីកន្លែង រួមមាន នៅប្រទេសបារាំង ឥណ្ឌូនេស៊ី ប៉េកាំង ថៃ ញ៉ូវយ៉ក ថែមទៀត។ បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ប៉ុន្តែសម្តេចមិនដែលបោះបង់ការចរចានេះទេ និងព្យាយាមធ្វើការចរចាជាបន្តបន្ទាប់»។
សម្តេចក៏បានលើកឡើងផងដែរ ពីវត្តមានរបស់បុគ្គល២រូប ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមរៀបចំឲ្យមានសន្តិភាពនៅក្នុងប្រទេសកម្ពុជា គឺ លោកស្រី ពុង ឈីវហ្គេច និងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាអ្នកធ្វើការទំនាក់ទំនង។
សម្តេចបានរំលឹកបន្ថែមថា ក្នុងពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ហាក់មានការលំបាកដោយសារភាគីខ្មែរក្រហម ក៏ជំទាស់ ភាគីលោក សឺន សាន ក៏ជំទាស់ ស្របពេលបណ្តាប្រទេសមួយចំនួនទៀត ក៏ជំនាស់ផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានបញ្ជាក់ថា «ភ្នំមិនអាចជួបគ្នាបានទេ ប៉ុន្តែមនុស្សអាចជួបគ្នាបានឱ្យតែមានឆន្ទៈ។ ការជួបគ្នាមួយដែលគ្រប់គ្នាច្រើនតែនិយាយថា ២ធ្នូ FERE-EN-TARDENOIS នោះ គឺជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកសន្តិភាព មិនមែនបញ្ហាកើតឡើងនៅថ្ងៃទី២៣ តុលានោះទេ សូមបញ្ជាក់ជូន»។
សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការចរចាស្វែងរកសន្តិភាពបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចដឹកនាំកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានប្រសាស៍ទៀតថា បន្ទាប់ពីការចុះហត្ថលេខារួច រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ឬហៅថា “នាយករដ្ឋមន្រ្តី” ត្រូវទទួលខុសត្រូវទាំងអស់លើបញ្ហា រួមទាំងការស្នាក់នៅ សន្តិសុខនានា របស់បណ្តាភាគីដែលចូលមកអនុវត្តការចរចាកិច្ចព្រមព្រៀងទីក្រុងបារីស។
សូមជម្រាបថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីរកដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ មកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី ៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ ភាគី រួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេចសីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់ លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់ សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ី ជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤។
ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និងទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការំឭកការចរចារ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនាឱកាសសម្តេចអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ចំនួន ០៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ៕




