
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អតីតព្រលានពោធិ៍ចិនតុង មិនបាត់បង់ទៅណានោះទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ដោយរដ្ឋត្រូវចំណាយថវិកាក្នុងមួយឆ្នាំៗប្រមាណ ៣ លានដុល្លារ ដើម្បីថែទាំ រួមទាំងសេវាសន្តិសុខផងដែរ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលានេះ នាឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“អាកាសយានដ្ឋានអន្តរជាតិតេជោ” នៅខេត្តកណ្តាល។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រលានចាស់នេះ គឺអត់លក់ឱ្យទៅឯកជនដាច់ខាត គឺជាកម្មសិទ្ធិរបស់រដ្ឋ អត់មានផែនការលក់ឱ្យវិស័យឯកជនទេ។ មានការផ្តល់យោបល និងគំនិតអភិវឌ្ឍគម្រោងផ្សេងៗ ប៉ុន្ដែសម្តេចមិនទទួលយកនោះឡើយ»។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «រដ្ឋចំណាយលុយប្រមាណ ៣ លានដុល្លារ ក្នុងការក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរ គឺទី១- រក្សាទុកជាអាកាសយានដ្ឋានបម្រុងទុក ប្រសិនបើព្រលានយន្តហោះថ្មី មានហានីភ័យ អាចឱ្យយន្តហោះចុះចតបាន ឬជើងយន្តហោះ VIP ចាំបាច់បំផុត អាចចុះចតនៅព្រលានចាស់នេះ និងទី២- គ្រោងរៀបចំជាសួនសាធារណៈ ដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ»។
សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «ព្រលានយន្តហោះចាស់នេះ នៅថ្ងៃខាងមុខនឹងរៀបចំឱ្យមានការដាំដើមឈើមួយចំនួនដែលមិនប៉ះពាល់ដល់ផ្លូវសម្រាប់យន្តហោះចុះឡើង ដើម្បីជាម្លប់ឱ្យប្រជាលរដ្ឋអង្គុយលេង កន្លែងហាត់ប្រាណ និងសម្រាប់រៀបចំកម្មផ្សេងៗម្តងមួយកាលបាន។ ចំពោះអគារដែលមានស្រាប់រដ្ឋកំពុងគិតគូរដើម្បីស្វែងរកចំណូលខ្លះយកទៅផ្គត់ផ្គង់លើការថែទាំព្រលានយន្តហោះទាំងមូល»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា«គម្រោងរៀបចំនេះមិនមែនលក់ឱ្យទៅឯកជនទេគឺស្ថិតនៅតែជារបស់រដ្ឋដដែលនិងផ្នែកខ្លះត្រូវរៀបចំទៅជាសារៈមន្ទីរព្រោះជាព្រលានយន្តហោះប្រវត្តិសាស្ត្រជាស្នាព្រះហស្ថរបស់សម្តេចព្រះបរមរតនកោដ»៕



