
កណ្តាល៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្នកម្ពុជា បានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ខណៈពីមុនយើងមិនមានជើងហោះហើរត្រង់ និងទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត ជាពិសេសជើងហោះហើរឆ្លងទ្វីប ព្រោះអាកាសយានដ្ឋានអន្តរជាតិថ្មី មានសមត្ថភាពទទួលយន្តហោះគ្រប់កម្រិត គ្រប់ទំហំទាំងអស់នៅលើពិភពលោក»។
នៅព្រឹក ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នាខេត្តកណ្តាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងព្រលានយន្តហោះលំដាប់ពិភពលោកនេះដើម្បីទទួលជើងហោះហើរត្រង់មកគ្រប់បណ្តាប្រទេសលើពិភពលោក គឺជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដូច្នេះ យើងនឹងរួមគ្នាឱ្យចក្ខុវិស័យនេះក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F នេះ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៥ លាននាក់ក្នុង១ឆ្នាំ ហើយរំពឹងថា ការសាងសង់ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ អាចទទួលអ្នកដំណើរ ៣០ លាននាក់ក្នុង ១ឆ្នាំ។ ការសាងសង់ដំណាក់កាលទី២ នឹងធ្វើឡើងដោយកូនខ្មែរ ១០០%»។
សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានសង្កត់ធ្ងន់ថា«ព្រលានយន្តហោះអន្តរជាតិតេជោដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺបានការវិនិយោគដោយកូនខ្មែរទាំងស្រុងដែលសាងសង់ឡើងដោយមានការចូលរួមពីវិស័យឯកជន ៩០% និងរាជរដ្ឋាភិបាល ១០% ដោយមិនបានខ្ចីលុយពីបរទេស ឬ ចិនដូចការលើកឡើងរបស់អ្នកខ្លះនោះឡើយ»៕



