2025-10-19 11:29
25

ភ្នំពេញ៖ នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសំណេរលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេច បកស្រាយការភ័ន្តច្រឡំមួយចំនួន ជុំវិញការអត្ថាធិប្បាយតាមបនញដាញសង្គម ក្នុងការលើកឡើងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ កក្កដា ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពគឺជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់ដី។ 

ក្នុងសំណេរនោះ នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា សម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ 

ជុំវិញការលើកឡើងនេះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ 

កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានា សម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ 

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ 

ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ 

ជាចុងក្រោយ នាយករដ្ឋមន្រ្តីកម្ពុជា  បានបញ្ជាក់ជូនជាថ្មីដល់ជនរួមជាតិដោយសង្ខេបយ៉ាងខ្លីថា៖

១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕