2025-10-20 13:48
14

កណ្តាល៖ នៅព្រឹក ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នាខេត្តកណ្តាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ នេះជាអ្វីដែលយើងត្រូវរួមគ្នាធ្វើ»។ 

សម្តេចបានឱ្យគោលការណ៍ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងសិប្បកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ និងរាជធានី-ខេត្ត ត្រូវពង្រឹងសមត្ថភាពផលិតផ្ទៃក្នុងប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋ និងឯកជន ដើម្បីដោះស្រាយទីផ្សារផ្ទៃក្នុងជាជាងការនាំចូលពីខាងក្រៅ ដោយកុំពឹងផ្នែកទៅលើផលិតរបស់គេទាំងស្រុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «យើងក៏មិនបដិសេធការនាំផលិតចូលនោះទេប៉ុន្តែយើងត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុកប្រកបដោយគុណភាព ត្រូវពង្រឹងសមត្ថភាពជាតិ និងទាមទាឱ្យមានការចូលរួមទាំងអស់គ្នាទាំងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីឱ្យផលិតរបស់ខ្មែរយើងទទួលបានការគាំទ្រ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «វិស័យឯកជនត្រូវធ្វើការវិនិយោគគិតគូរពីគុណភាពផលិតផល និងធានាឱ្យបានខ្សែចង្វាក់ផ្គត់ផ្គង់តម្រូវការទៅលើទីផ្សារ រដ្ឋាភិបាលត្រូវការជួយជម្រុញបន្ថែម»៕