ភ្នំពេញ៖ ទីបំផុត នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ ភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមជាប្រវត្តិសាស្ត្រ ដែលគេអាចហៅបានថា ជា «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» នៅប្រទេសម៉ាឡេស៊ី ក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
លោក ត្រាំ ក្នុងនាមជាសាក្សីក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជា និងថៃ លោបានថ្លែងថា «កិច្ចព្រមព្រៀងសន្តិភាពនេះ បានជួយសង្រ្គោះ ជីវិតមនុស្សរាប់សិបនាក់ និងចាត់ទុកកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងសន្តិភាពដ៏អស្ចារ្យ រវាងប្រទេសថៃ និងកម្ពុជា»។
លោក ត្រាំ បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះតួនាទីរបស់លោកក្នុងនាមប្រធានអាស៊ាន និងអ្វីដែលលោក ត្រាំ ហៅថា «ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» រវាងមេដឹកនាំដ៏ក្លាហាននៃប្រទេសកម្ពុជា និងថៃ។ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា «នេះគឺជាការបញ្ចប់សង្រ្គាមទី៨ហើយ ក្នុងរយៈពេល ៨ខែ ពោល គឺចាប់តាំងពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០២៥ កន្លងមក»។
នាឱកាសនោះ លោកនាយរដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល ក៏បានបញ្ជាក់ដែរថា «ថៃនឹងចាប់ផ្តើមដំណើរការសម្រាប់ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានឃុំខ្លួនដោយយោធាថៃ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក»។
សូមបញ្ជាក់ថា កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងអធិបតីភាពសាក្សីពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕




