នៅយប់ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើបណ្តាញសង្គមនូវខ្លឹមសារថា «ទើបជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក។ យើងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខ របស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សម្តេចបានបញ្ជាក់ថា «ជាជំហានបន្ទាប់ យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ»៕



